Se7en ទម្លាយអារម្មណ៍ទាំងរំជួលចិត្តទៅ Lee Da Hae មុនប្តូរនាមពីគូស្នេហ៍ ៨ ឆ្នាំ មកជាប្តី-ប្រពន្ធ
ដូចដែលអ្នកគាំទ្របានដឹងមកហើយ Se7en និង Lee Da Hae គឺជាគូស្នេហ៍តារាកូរ៉េដែលបានស្រឡាញ់គ្នាយ៉ាងផ្អែមល្ហែមទាក់ទងគ្នាបាន ៨ ឆ្នាំមកហើយ នៅពេលនេះតារាទាំងពីរបានសម្រេចចិត្តដឹកដៃគ្នាចូលរោងការនៅថ្ងៃទី ០៦ ខែឧសភា ឆ្នាំ ២០២៣ សម្រាប់ពិធីមង្គលការរបស់ពួកគេនឹងធ្វើឡើងនៅសណ្ឋាគារ Shilla ក្នុងទីក្រុងសេអ៊ូល វេលាម៉ោង ៦ ល្ងាច។
បើតាមការឱ្យដឹងបន្ថែម ចំពោះវត្តមានរបស់ភ្ញៀវកិត្តិយសដែលនឹងមកចូលរួមក្នុងពិធីមង្គលរបស់អ្នកទាំងពីរ គឺសុទ្ធសឹងជាមិត្តជិតស្និទ្ធរបស់ពួកគេ ក្នុងឧស្សាហកម្មកម្សាន្តកូរ៉េ។
ក្រោយពីឆ្លងកាត់រឿងរ៉ាវច្រើនរាប់មិនអស់ចាប់តាំងពីតារាទាំងពីរបានទាក់ទងគ្នានៅក្នុងឆ្នាំ ២០១៥ ហើយបានប្រកាសបើកចំហពីទំនាក់ទំនងស្នេហានៅក្នុងឆ្នាំ ២០១៦ នេះជាលើកទីមួយហើយ ដែលតារាចម្រៀងប្រុសរូបនេះបានសារភាពអំពីអារម្មណ៍ពិតរបស់លោកថា ៖ «បន្ទាប់ពីបានស្រឡាញ់គ្នាអស់រយៈពេល ៨ ឆ្នាំ ហើយបានឆ្លងកាត់រឿងរ៉ាវពិបាកច្រើនកន្លងមក ខ្ញុំតែងតែយកចំណុចខ្វះខាតរបស់ខ្ញុំមកប៉ះប៉ូវដោយក្តីស្រឡាញ់ ហើយខ្ញុំនឹងរៀបការជាមួយនឹងគូស្នេហ៍របស់ខ្ញុំ គឺ Lee Da Hae នៅថ្ងៃទី ៦ ខែឧសភា»៕