ចាប់អាជីពជាតារា K-Pop អស់ ២០ ឆ្នាំ ទីបំផុត Kim Jaejoong បានក្លាយជាម្ចាស់ផលិតកម្មកម្សាន្ត
ថ្មីៗនេះ បើតាមការចុះផ្សាយរបស់កូរ៉េបានឱ្យដឹងថា តារាប្រុសសម្បូរប្រជាប្រិយភាព Kim Jaejoong ពេលនេះ បានក្លាយជាម្ចាស់ផលិតកម្ម iNKODE ដោយមានការជំនួយពីនាយកប្រតិបត្តិ Noh Tae Hyun អតីតអនុប្រធានក្រុមហ៊ុន Cube Entertainment។
យ៉ាងណាមិញ ផលិតកម្មថ្មីដែលតារាប្រុសរូបនេះបានកំពុងកាន់កាប់ដោយមានតំណែងជាប្រធានផ្នែកយុទ្ធសាស្ត្រ ក្តោបសំខាន់លើការផ្សព្វផ្សាយ, តារាចម្រៀង, តារាសម្ដែង និង អ្នកនិពន្ធភ្លេង។ ក្នុងនោះដែរ ផលិតកម្ម iNKODE ក៏មានមហិច្ឆតាចង់ក្លាយជាក្រុមហ៊ុនកម្សាន្តលំដាប់ពិភពលោក ដែលអភិវឌ្ឍការគ្រប់គ្រងសិល្បករ និង តារាសម្ដែង ដែលកំពុងចាប់អាជីពលើវិស័យកម្សាន្តជាច្រើន។
ចំពោះដំណឹងមួយនេះដែរ បានធ្វើឱ្យបណ្តាក្រុមអ្នកគាំទ្ររបស់ Jaejoong រំភើបចិត្តជាខ្លាំង ដោយអ្នករាល់គ្នាបានចូលរួមអបអរសាទរ និង ជូនពរឱ្យការគ្រប់គ្រងរបស់លោកដំណើរការទៅយ៉ាងល្អប្រសើរ។
សូមបញ្ជាក់ផងដែរថា Jaejoong បានបង្ហាញខ្លួនដំបូងជាមួយ DBSK ក្នុងឆ្នាំ ២០០៣ ហើយក្នុងឆ្នាំ ២០០៩ តារាប្រុសរូបនេះ រួមជាមួយ Junsu និង Yoochun បានប្តឹង SM Entertainment ហើយបានចាកចេញដោយបង្កើតក្រុម JYJ។
ទោះជាយ៉ាងណា បន្ទាប់ពីចាប់អាជីពរយៈពេល ២០ ឆ្នាំក្នុងវិស័យ K-Pop តារាប្រុស Jaejoong បានទទួលជោគជ័យជាច្រើនទាំងនៅលើទីផ្សារកូរ៉េ-ជប៉ុន ហើយក៏ជាតារាប្រុសដែលមានរាងសង្ហាខ្លាំងក្នុងចំណោមតារាប្រុសល្បីៗក្នុងវិស័យកម្សាន្តកូរ៉ផងដែរ៕