Green ឈឺចាប់ខ្លាំង ក្រោយបែកគ្នាហើយ តែបែរជាបានដឹងថាអតីតគូស្នេហ៍ទៅនិយាយរឿងនេះនៅមុខម្តាយខ្លួន
សម្រាប់រឿងរ៉ាវទំនាក់ទំនងស្នេហារវាងតារាស្រី Green និង អ្នកកំលោះ Thanwa បានបញ្ចប់ទៅមួយរយៈធំដែរហើយ ក្រោយគូស្នេហ៍មួយគូនេះបានចេញមុខប្រកាសទាំងសោកសៅថា ចំណងស្នេហ៍ជាង ៨ ឆ្នាំ របស់អ្នកទាំងពីរបានដើរដល់ផ្លូវទាល់ ដោយបន្សល់ទុកត្រឹមអនុស្សារីយ៍ជាមួយគ្នាតែប៉ុណ្ណោះ។
ខណៈសំងំព្យាបាលរបួសផ្លូវចិត្តរៀងខ្លួនៗអស់មួយរយៈហើយនោះ ទីបំផុតតារាស្រី Green ចេញមុខទម្លាយអារម្មណ៍ម្តងទៀតហើយទាក់ទងនឹងរឿងរ៉ាវបែកបាក់មួយនេះ ដោយនាងបានទម្លាយថា ប្រសិនបើបុរសម្នាក់នេះអត់ធន់រង់ចាំនាងបន្តិច នាងសន្យាថា Thanwa ជាគូជីវិតរបស់នាង តែដោយសារតែនាងជាមេគ្រួសារនៅមានបន្ទុកមួយចំនួនដែលមិនទាន់បានដោះស្រាយហើយ ទើបត្រូវឆ្លៀតជួយគ្រួសារខ្លះ តែទោះយ៉ាងណាពេលវេលាបានទៅមុខហើយ ស្នេហ៍ក៏បានបញ្ចប់ដូចគ្នាមានតែជូនពរឱ្យគ្នាតែប៉ុណ្ណោះ។
លើសពីនេះទៅទៀត Green ក៏បានបន្ថែមទៀតថា អ្វីដែលធ្វើឱ្យនាងឈឺចាប់ជាទីបំផុតមុនពេលបែកគ្នានោះ គឺក្រោយបានឃើញ Thanwa ដើរទៅនិយាយជាមួយម្តាយនាងថា សូមទោសគេចង់សុំ Green ធ្វើជាមិត្តនឹងគេវិញ ទាំងដែលចិត្តរបស់នាងមិនដែលនឹកគិតថាវានឹងកើតឡើងចំពោះនាងនោះទេ៕