មិនដែលធ្លាប់ដឹងសោះ ក្រៅពីចេះច្រៀងរាំ អ៊ីណូ នៅមានទេពកោសល្យពិសេសមួយ កម្រមានអ្នកដឹង
អ៊ីណូ ត្រូវបានមហាជនចាត់ទុកជាតារាចម្រៀងដ៏ពេញនិយមមួយរូបក្នុងស្រទាប់យុវវ័យ ដោយលោកមានស្ទីលតុបតែងខ្លួនប្លែកពីគេ ចេះបង្កើតក្បាច់រាំប្លែកៗ ចំណែកឯទឹកដមសំឡេងវិញក៏ពីរោះ មានកម្លាំងបង្កប់ចំណុចពិសេសប្លែកមួយបែប ដើម្បីឱ្យអ្នកគាំទ្រងាយកត់សម្គាល់ពេលឮសំឡេងរបស់លោក។
គិតមកដល់ពេលនេះ អ៊ីណូ បានប្រឡូកក្នុងវិថីសិល្បៈ ១៨ ឆ្នាំមកហើយ ក្នុងនោះលោកក៏នៅតែទទួលបានការគាំទ្រយ៉ាងច្រើនពីបណ្ដាទស្សនិកជនក្មេងចាស់ប្រុសស្រីមិនជិនណាយ ដែលជំរុញឱ្យតារាប្រុសរូបនេះ មានទីផ្សារការងារជាប់គ្នារដឹក ជាពិសេសជារឿយៗ គេឃើញម្ចាស់បទ «អូនកុំយំ» រូបនេះ តែងបង្ហាញមុខលើឆាកតន្រ្តីផ្សេងៗមិនសូវបាត់ឡើយ។
យ៉ាងណាមិញ ក្រៅពីសមត្ថភាពច្រៀង និង បង្កើតក្បាច់រាំថ្មីៗដើម្បីបម្រើចំណីចក្ខុរបស់ទស្សនិកជន អ៊ីណូ ក៏មានទេពកោសល្យអាចនិពន្ធទំនុកច្រៀង និង Melody ថ្មី សម្រាប់ច្រៀងខ្លួនឯង និង ឱ្យអ្នកដទៃទៀតផង ប៉ុន្ដែកន្លងមកលោកមិនសូវបានអួតបង្ហាញថាខ្លួនមានសមត្ថភាពមួយនេះទេ។
ជាក់ស្ដែងថ្មីៗនេះ អ៊ីណូ បានលើកឡើងថា ៖ «បទចម្រៀងល្បីទាំងអស់ មិនថាច្រៀងខ្លួនឯង ឬ និពន្ធឱ្យគេ ភាគច្រើននិពន្ធខ្លួនឯង ទាំងទំនុកច្រៀង និង Melody ថ្មី មិនដែរអួតទេ ដោយដាក់ឈ្មោះថា (ម៉ៅឃ្លី)»៕