កំពូលតារាជើងចាស់ ណូយ វ៉ាន់ណេត ប្រឡូកសិល្បៈជាង ៤០ ឆ្នាំ មានបទចម្រៀងផ្ទាល់ខ្លួនមិនក្រោម ៣ ពាន់បទ
តារាចម្រៀងជើងចាស់ ណូយ វ៉ាន់ណេត គឺជាសិល្បកររៀមច្បងមួយរូបដែលទទួលបានការស្រឡាញ់ចូលចិត្តពីបណ្ដាមហាជនគ្រប់ស្រទាប់វណ្ណៈ ព្រោះថាទឹកដមសំឡេងផ្អែមពីរោះរបស់លោក បានបំពេអារម្មណ៍ទស្សនិកជនឱ្យទោរទន់ទៅនឹងសំនៀងដ៏ពីរោះរណ្ដំចិត្តរបស់លោកមិនប្រែប្រួលឡើយ។
ណូយ វ៉ាន់ណេត បានបោះជំហានចូលប្រឡូកយ៉ាងពេញទំហឹងក្នុងវិស័យសិល្បៈអស់រយៈពេលជាង ៤០ ឆ្នាំមកហើយ ពោលគឺលោកចូលសិល្បៈតាំងពីអំឡុងឆ្នាំ ១៩៨០ មកម្ល៉េះ។ តារាជើងចាស់រូបនេះបានទម្លាយថា បទចម្រៀងដំបូងដែលលោកចាប់ផ្ដើមមានឈ្មោះល្បីខ្ទរខ្ទារ គឺមានចំណងជើងថា «កណ្ដាលថ្ងៃត្រង់កំពុងដងទឹក» ដែលកាលនោះ មានក្រុមហ៊ុនជាច្រើនបានទាក់ទងលោកទៅច្រៀងឱ្យពួកគេ ព្រោះលោកមិនមែនជាតារាចម្រៀងកុងត្រានៅក្នុងផលិតកម្មណាមួយឡើយ។
ចាប់តាំងពីមានឈ្មោះល្បីកាលជំនាន់ឆ្នាំ ៨០ នោះមក តារារៀមច្បង ណូយ វ៉ាន់ណេត បានបាចសាចភាពល្បីល្បាញក្នុងស្រទាប់មហាជនយ៉ាងច្រើនក្រាស់ក្រែល ដោយត្រូវបានទស្សនិកជនស្រឡាញ់ពេញចិត្តនូវទឹកដមសំឡេងផ្អែមពីរោះប្លែកពីគេ ក៏ដូចជាអត្ថន័យក្នុងបទចម្រៀងនីមួយៗ ដែលបានបំពេអារម្មណ៍អ្នកស្ដាប់ឱ្យលន្លង់លន្លោច ស្ដាប់មិនចេះជិនណាយ។
រំឭកដល់បទចម្រៀងពីរោះៗរបស់ ណូយ វ៉ាន់ណេត ថ្មីៗនេះ តារាជើងចាស់រូបនេះ បានបង្ហើបឱ្យដឹងថា បើគិតចាប់តាំងពីលោកចូលប្រឡូកសិល្បៈដំបូងរហូតមកដល់បច្ចុប្បន្ន លោកមានបទចម្រៀងផ្ទាល់ខ្លួនមិនក្រោម ៣ ០០០ បទនោះទេ ដែលបទនីមួយៗសុទ្ធសឹងតែទទួលបានការគាំទ្រស្ដាប់ និង ពេញនិយមក្នុងស្រទាប់មហាជន៕