ធ្លាប់បាត់បង់ឪពុក ករុណា ពេជ្រ ហូរទឹកភ្នែកយល់អារម្មណ៍ ឌួង ហ្សូរីដា ពេលម្តាយលាចាកលោកគ្មានថ្ងៃវិលត្រឡប់
ដំណឹងមរណភាពរបស់លោកស្រី យ៉ាលីន សុខលីម ដែលជាម្ដាយបង្កើតរបស់តារាសម្ដែង ឌួង ហ្សូរីដា កាលពីថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០២៣ បានធ្វើឱ្យក្រុមគ្រួសារទាំងមូល និង បណ្ដាអ្នកសិល្បៈ ក៏ដូចជាមហាជនជាច្រើន បានមានក្ដីសោកសង្រេង និង ស្ដាយស្រណោះជាពន់ពេក។
ក្នុងនោះ លោកស្រី យ៉ាលីន សុខលីម បានទទួលមរណភាពនៅប្រទេសថៃ អំឡុងពេលព្យាបាលជំងឺ ដោយពេលនេះ ឌួង ហ្សូរីដា និង ក្រុមគ្រួសារ បានហែសពម្ដាយត្រឡប់មកកម្ពុជាដែលជាមាតុប្រទេសវិញរួចរាល់ ដើម្បីរៀបចំពិធីបុណ្យសពតាមប្រពៃណី និង មានការចូលរួមពីសំណាក់ញាតិមិត្តិជិតឆ្ងាយ ព្រមទាំងសិល្បករ សិល្បការិនីជាច្រើនផងដែរ។
ងាកទៅកាន់លោក ករុណា ពេជ្រ វិញ ក្រោយពីទទួលបានដំណឹងមរណភាព និង ឃើញវីដេអូរបស់កញ្ញា ឌួង ហ្សូរីដា ជាមួយអ្នកម្តាយកាលកំពុងព្យាបាលនៅមន្ទីរពេទ្យកន្លងទៅ លោកក៏បានបង្ហាញអារម្មណ៍ក្នុងនាមកូនធ្លាប់បាត់បង់ឪពុក ព្រមទាំងយល់អារម្មណ៍របស់កញ្ញា ឌួង ហ្សូរីដា យ៉ាងខ្លាំង។
លោក ករុណា ពេជ្រ បានរៀបរាប់ ៖ «ពេលនេះ ម៉ោងនេះ ខ្ញុំកំពុងធ្វើការនៅក្នុង ក្លឹប ភ្លើងភ្លេង កន្រ្ទាក់ ញាក់ ឌីស្កូ ទប់ជើង មិននឹង… ប៉ុន្តែទីបំផុតវាមិនអាចទប់ទឹកភ្នែករបស់ខ្ញុំ មិនឱ្យហូរនោះបានទេ ពេលដែលកំពុងមើលវីដេអូ បងស្រី Duong Zorida ឌួង ហ្សូរីដា នាពេលនេះ! ការឆ្លងកាត់ពេលវេលាមួយ ដែលមិនសូម្បីហ៊ានតែគិត ហើយក៏ជាពេលវេលាដែលមិនចង់ជួបនេះ គឺខ្ញុំយល់ច្បាស់ណាស់។ ចុងក្រោយមានតែជាកម្លាំងចិត្តជូនបងស្រី ដើម្បីតាំងជំហរបន្តដឹកនាំគ្រួសារ ព្រោះគ្រប់យ៉ាងក្រុមគ្រួសាររបស់បងបានព្យាយាមដល់នាទីចុងក្រោយរបស់អ្នកម្តាយបងហើយ។ កូនសូមលើកម្រាមដៃដប់ បួងសួង ទេវតា នាំដួងព្រលឹងម៉ែបានទៅកាន់ទីស្ងប់»៕