ទាក់ទងគ្នា ៨ ឆ្នាំ Mario ដាក់លក្ខខណ្ឌមិនឱ្យសង្សារធ្វើរឿងមួយនេះនៅមុខខ្លួនដាច់ខាត
ជឿថាប្រិយមិត្តប្រាកដជាបានជ្រាបមកហើយពីរឿងរ៉ាវទំនាក់ទំនងស្នេហ៍រវាងតារាប្រុស Mario Maurer និង តារាស្រី Junji ព្រោះមកទល់ពេលនេះអស់រយៈពេល ៨ ឆ្នាំទៅហើយ ដែលអ្នកទាំងពីរទាក់ទងគ្នាជាផ្លូវការ និង បើកចំហនៅចំពោះមុខមហាជនទូទាំងប្រទេសឱ្យបានដឹង។
ដ្បិតថាគូស្នេហ៍នេះបានបើកចំហពីទំនាក់ទំនងស្នេហ៍ហើយក៏ដោយ តែបើនិយាយពីរូបភាពផ្អែមល្ហែមវិញ អ្នកទាំងពីរហាក់មិនសូវជាបានបង្ហាញនៅលើបណ្តាញសង្គមដូចជាគូស្នេហ៍តារាដទៃឡើយ ព្រោះមមាញឹកនឹងការងារសិល្បៈរៀងខ្លួន យូរៗម្តងបានជួបគ្នាម្តង ឬ ស្ថិតក្នុងឱកាសពិសេសណាមួយ។
យ៉ាងណាមិញ ថ្មីៗនេះ ប្រុសស្អាត Mario ស្រាប់តែចេញមកទម្លាយរឿងមួយពាក់ព័ន្ធនឹងទំនាក់ទំនងរបស់លោក និង សង្សារដែលមហាជនសុំសូវជាបានដឹងពីមុនផងដែរ។ ប្រុសស្អាតរូបនេះបានទម្លាយថា ៖ «លោកបានហាមសង្សារលោកអួតសរសើរបុរសដទៃថាសង្ហានៅចំពោះមុខលោកឡើយ ហើយលោកក៏ដាក់លក្ខខណ្ឌខ្លួនឯងមិននិយាយនារីដទៃនៅមុខសង្សារដូចគ្នា»។ លើសពីនោះ លោកក៏បានបន្តថា ៖ «ស្នេហាដ្បិតរាងស្ងាត់ពុំសូវមានបង្ហាញភាពផ្អែមល្ហែមមែន តែទំនាក់ទំនងស្នេហានៅតែល្អដូចដើម ពុំមានរឿងរកាំរកូសឡើយ»៕