កំពុងក្តៅ! Matt ត្រូវគេសើចចំអកព្រាត រឿងចែកផ្លូវពីហាយសូរ Songkarn ហើយផ្ទុះព័ត៌មានក្តៅជាមួយហាយសូរ Pok
កន្លងមករយៈពេល ៥ ឆ្នាំ ក្រោយពីតារាសម្ដែងស្រី Matt Peranee បានទាក់ទងជាមួយនឹងហាយសូរ Songkarn ដែលជាអតីតស្វាមីរបស់កំពូលតារាសម្ដែង Aff Taksaorn។ ក្នុងទំនាក់ទំនងនោះ គេសង្កេតឃើញតារាស្រី Matt តែងត្រូវបានមហាជនជាច្រើនផ្ទុះការរិះគន់ជាបន្តបន្ទាប់ មិនថានាងបង្ហាញនូវសកម្មភាពណាមួយឡើយ ដល់ថ្នាក់ពុំសូវហ៊ានលេចមុខលើវិស័យសិល្បៈថែមទៀតផង។
យ៉ាងណាមិញ ខណៈនេះ Matt ក៏កំពុងតែទទួលរងការរិះគន់ និង សើចចំអកម្តងទៀតហើយ បន្ទាប់ពីនាងបានប្រកាសច្បាស់ៗថា នាងបានចែកផ្លូវជាមួយនឹងហាយសូរ Songkarn ដោយការចែកផ្លូវគ្នានេះកើតឡើងតាំងពីខែធ្នូ ឆ្នាំ ២០២២ មកម៉្លេះ។
ជាក់ស្តែង នៅលើបណ្ដាញសង្គមហ្វេសប៊ុក បណ្ដាញសារព័ត៌មានថៃ ពេលនេះ Matt កំពុងតែក្លាយជាប្រធានបទជជែកវែកញែកយ៉ាងក្តៅគគុក ជាពិសេសជុំវិញរឿងទំនាក់ទំនងនាង និង ហាយសូរ Pok Phornprapha ដែលជាអតីតសង្សារកំពូលតារាសម្ដែងស្រី Aum Patcharapa។
ដ្បិតថា Matt បានបកស្រាយច្បាស់ៗថា ហាយសូរ Pok ត្រឹមជាបងប្អូនជាមួយនាង តែមហាជនហាក់មិនអស់ចិត្ត បានចូលបញ្ចេញមតិរិះគន់ខ្លាំងទៅកាន់ Matt ព្រោងព្រាត។ យ៉ាងណាមិញ ទោះបីជាមានមតិរិះគន់ច្រើនសន្ធឹកសន្ធាប់ទៅកាន់ Matt តែគេក៏ឃើញមានបងប្អូន និង សិល្បករថៃមួយចំនួនធំ ចូលទៅបញ្ចេញមតិលើកទឹកចិត្តដល់ Matt ផងដែរ៕