God ចេញមកទម្លាយច្បាស់ៗពីទំនាក់ទំនងជាមួយ Richy ក្រោយផ្ទុះល្បីរឿងចែកផ្លូវគ្នា
អស់រយៈពេលប្រមាណជា ៤ ឆ្នាំមកហើយ ដែលតារាប្រុស God Itthipat និង Richy Oranate បានប្រកាសឈ្មោះជាសង្សារនឹងគ្នា ហើយក្នុងរយៈពេលដ៏យូរនេះមហាជនក៏ទន្ទឹងរង់ចាំដំណឹងល្អពីអ្នកទាំងពីរដែរ។ សម្រាប់តារាស្រី Richy និង ប្រុសស្អាតរូបសង្ហា God ជាគូស្នេហ៍មួយគូដ៏ស័ក្តិសម ព្រមទាំងទទួលបានការស្រឡាញ់ពេញចិត្តពីមហាជនខ្លាំង ហើយកន្លងមកគូស្នេហ៍នេះពុំដែលលេចឮរឿងអាស្រូវឡើយ។
យ៉ាងណាមិញ ថ្មីៗនេះគូស្នេហ៍តារាប្រុស God និង ស្រីស្រស់ Richy ស្រាប់មហាជនមានការសង្ស័យថាមានរឿងរកាំរកូសឈានដល់ការចែកផ្លូវគ្នាផងដែរ។ សម្រាប់មូលហេតុនៃការសង្ស័យនេះ គឺគេឃើញថា God ឧស្សាហ៍បង្ហោះរូបភាពម្នាក់ឯង ហាក់ជាដ្រាម៉ារឿងជីវិត រីឯតារាស្រី Richy វិញ ស្ងាត់ៗទៅស្នាក់នៅ និង ដើរកម្សាន្តនៅខេត្តឈៀងម៉ៃ តែម្នាក់ឯង។
យ៉ាងណាមិញ ក្រោយពីមហាជនល្បីថាចែកផ្លូវគ្នាជាមួយនឹងសង្សារ ស្រាប់តែកំលោះ God ចេញមកបង្ហោះរូបភាពមួយសន្លឹកជាមួយនឹងស្រីស្អាត Richy ដោយចង់បញ្ជាក់ច្បាស់ៗថា ទំនាក់ទំនងស្នេហាអ្នកទាំងពីរគឺនៅល្អដូចដើម ពុំមានការចែកផ្លូវគ្នាដូចដែលបានល្បីតាមរយៈសារព័ត៌មានកន្លងមកឡើយ៕