ទីបំផុត! Kimberley និង Mark ទម្លាយច្បាស់ហើយ នឹងរៀបចំពិធីរៀបការនៅប្រទេសនេះ
នៅខ្វះប្រមាណជា ៥ ខែទៀតប៉ុណ្ណោះ គូស្នេហ៍ប្រចាំស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៣ ថៃ លោក Mark Prin និង ស្រីស្រស់ Kimberley នឹងកាន់ដៃគ្នាចូលរោងការហើយ។
ក្នុងនោះ គេឃើញថាតារាស្រី Kimberley បានរៀបចំឈុតរួចរាល់ហើយដូចគ្នា ដោយថ្មីៗនេះ នាងបានបង្ហើបឱ្យដឹងថា នាងបានត្រៀមឈុតកូនក្រមុំចំនួន ៥ ឈុត មាន ៣ ឈុតសម្រាប់ស្លៀករៀបការនៅប្រទេសថៃ និង ២ ឈុតទៀតសម្រាប់ស្លៀកក្នុងកម្មវិធីនៅបរទេស។
មិនត្រឹមតែត្រៀមឈុតសម្លៀកបំពាក់ប៉ុណ្ណោះទេ តារាស្រីប្រុសប្រចាំស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៣ គូនេះ ក៏បានត្រៀមផ្ទះដែលនឹងសាងសង់រួចរាល់នៅខែ សីហា ខាងមុខ នេះផងដែរ។ យ៉ាងណាមិញ សម្រាប់រឿងរៀបការនៅបរទេស ពិតជាធ្វើឱ្យអ្នកគាំទ្រចង់ដឹងជាខ្លាំងថា អ្នកទាំងពីររៀបចំនៅប្រទេសណា?
មិនធ្វើឱ្យមហាជនកើតចម្ងល់យូរ ស្រីស្រស់ Kimberley ក៏បានទម្លាយថា ប្រទេសដែលនាងរៀបចំពិធីមង្គលការគឺប្រទេសអ៊ីតាលី ដោយពេលនេះបានរៀបចំរួចរាល់ ៩០ ភាគរយហើយ នៅខ្វះតែផ្កាមួយមុខប៉ុណ្ណោះ៕