ទ្រាំទៀតមិនបាន សាន ផានិត លូកមាត់ផាំងៗរឿងឧកញ៉ា ជា សារ៉ន បោកបញ្ឆោតរាស្រ្តនៅខេត្តកំពត
រឿងរ៉ាវឧកញ៉ា ជា សារ៉ន ដើរបោកប្រាស់កម្លាំងញើសឈាមរបស់រាស្រ្តអស់រាប់រយគ្រួសារនៅខេត្តកំពត កំពុងផ្ទុះល្បីកក្រើកពេញបណ្ដាញសង្គម ក្នុងនោះឯកឧត្តមអភិបាលខេត្តកំពត ម៉ៅ ធនិន ក៏បានចេញមុខដោះស្រាយជូនប្រជាពលរដ្ឋ ហើយសមត្ថកិច្ចក៏បានចាប់ជនសង្ស័យ ឧកញ៉ា ជា សារ៉ន និង បក្សពួកចាត់ការតាមនីតីវិធីច្បាប់ជាធរមាន។
ខណៈរឿងរ៉ាវធ្វើស្រែលើខ្នងរាស្រ្តមួយនេះ កំពុងក្ដៅគគុក និង ត្រូវបណ្ដាអ្នកលេងបណ្ដាញសង្គមចាប់អារម្មណ៍ចាត់ទុកជាប្រធានបទក្ដៅមួយ ស្រាប់តែតារាចម្រៀង លោក សាន ផានិត បានលូកមាត់និយាយរឿងឧកញ៉ារូបនេះយ៉ាងធ្ងន់ៗ លើសពីនេះ សាន ផានិត ក៏ឆ្លៀតលើកឡើងពីរឿងរ៉ាវរសើចរបស់ឧកញ៉ាផ្សេងទៀតផងដែរ។
សាន ផានិត បង្ហោះនៅលើហ្វេសប៊ុកដោយមិនញញើតមាត់ថា ៖ «ឧកញ៉ាម្នាក់នេះធ្លាប់ធ្វើព្រះចៅអធិការវត្ត នៅវត្តល្បើក ស្រុកឈូក ខេត្តកំពត បានដើរបោកពលរដ្ឋរាប់រយគ្រួសារ មុខរបរប្រលាក់ឈាមរាស្រ្តទៅហើយ ចុះទម្រាំតែឧកញ៉ាខ្លះ ចេញពីក្មេងពាលមិនទាន់ជ្រុះពន្លៃពីលើក្បាលបានសាងស្នាដៃអីគេនុងជូនជាតិ! ខ្លះចេញពីត្រកូលអភិជន ឪម៉ែមានលុយស្រាប់ និង កត្តាផ្សេងៗគរដូចភ្នំ (2800 នាក់ផ្លាយ) តែត្រឹមម្សៅប៉ាតមុខ និង កាំភ្លើងបាញ់ទឹកចូលឆ្នាំក៏គ្មានឧកញ៉ាណាមួយផលិតវាចេញក្នុងស្រុកបានដែរ ចេញតែដីឡូតិ៍ ផ្ទះល្វែង ងាយៗជាន់កគ្នាហ្នឹង! ទទូលស្គាល់ឧកញ៉ាខ្លះ ក៏គេល្អមានទាំងដាក់ឈ្មោះដងផ្លូវ តាម Goggle ទៀត មិនអត់ប្រយោជន៍ទាំងអស់នោះទេ តែសម្រាប់ខ្ញុំ ឧកញ៉ាភាគច្រើនវាគ្មានតម្លៃអ្វីឡើយ! កុំឡើយសូម្បីតែយកមកប្រៀបធៀប សូមទោសផង!»៕