ទើបរៀបការជាងកន្លះខែ ម៉ារ៉ាឌី បង្ហាញដំរួយមួយ អ្នកគាំទ្រសង្ស័យនាងកំពុងមានផ្ទៃពោះព្រាត
ចាប់តាំងពីរៀបការក្លាយជាប្ដីប្រពន្ធតាមប្រពៃណីកាលពីថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២៣ មក Miss Universe Cambodia 2021 ងិន ម៉ារ៉ាឌី តែងបង្ហោះរូបថតឱបកៀកកិតជាមួយស្វាមីលើបណ្ដាញសង្គមសឹងមិនលស់ថ្ងៃ ដោយគូស្វាមីភរិយាថ្មីថ្មោងមួយគូនេះ បាននាំគ្នាទៅក្រេបច័ន្ទទឹកឃ្មុំដល់ក្រៅប្រទេសទៀតផង។
រឿងដែលភ្ញាក់ផ្អើល ស្រីស្រស់ម្ចាស់កមុដ MUC 2021 រូបនេះ បានចែករំលែកបន្តពីផេកមួយ និយាយពីរបបអាហារល្អៗដែលអ្នកម្ដាយគួរទទួលទានពេលមានផ្ទៃពោះ ដែលហាក់បង្ហាញដំរួយច្បាស់ ធ្វើឱ្យមហាជននាំគ្នាសង្ស័យព្រោងព្រាតថា ម៉ារ៉ាឌី កំពុងពពោះទាយាទដំបូងក្រោយរៀបការទើបតែជាងកន្លះខែ។
យ៉ាងណាមិញ ទោះបីជាមានការបញ្ចេញយោបល់សង្ស័យជាច្រើនថា ងិន ម៉ារ៉ាឌី កំពុងមានផ្ទៃពោះក្ដី តែតារាស្រីរូបនេះ បានបដិសេធបែបលេងសើចថា នាងគ្រាន់តែចែករំលែកចំណេះដឹងទូទៅប៉ុណ្ណោះ។ ទោះជាបែបនេះ អ្នកគាំទ្រជាច្រើន នៅតែយល់ថា មិនយូរមិនឆាប់ ម៉ារ៉ាឌី ប្រាកដជាប្រកាសដំណឹងល្អរឿងមានផ្ទៃពោះមិនខាន៕