ឈិន ឡុង បារម្ភថ្ងៃណាមួយនឹងជិះរទេះរុញ ព្រោះឥលូវមានបញ្ហាសុខភាពច្រើនស្មានមិនដល់
តារាសម្ដែង Jackie Chan ដែលពលរដ្ឋខ្មែរស្គាល់ច្បាស់ថា ឈិន ឡុង នោះ បានទម្លាយថា រូបលោកបានធ្វើការចាក់ថ្នាំស្ពឹកបំបាត់ការឈឺចាប់ តែភ្លៅ ស្មា និង ចង្កេះរបស់លោក នៅតែឈឺដដែល ជាហេតុធ្វើឱ្យលោកមានការពិបាកក្នុងការថតកុននាពេលបច្ចុប្បន្ន។
តារាសម្ដែងដ៏ល្បីឈ្មោះវ័យ ៦៩ ឆ្នាំរូបនេះ បច្ចុប្បន្នកំពុងទាក់ទាញចំណាប់អារម្មណ៍មហាជនជាខ្លាំង ជាមួយវត្តមានក្នុងខ្សែភាពយន្តថ្មីរបស់លោក «The Spirit of Dragon Horse» ដែលទើបតែចាក់បញ្ចាំងតាមរោងកុននានាកាលពីថ្ងៃទី ០៧ ខែមេសា ឆ្នាំ ២០២៣ កន្លងទៅនេះ។ បើតាមការចេញផ្សាយពីសារព័ត៌មាន Chinapress បានឱ្យដឹងថា អំឡុងពេលចូលរួមកម្មវិធីផ្សព្វផ្សាយភាពយន្តថ្មីនេះ ឈិន ឡុង បានទម្លាយថា លោកមានបញ្ហាសុខភាពជាច្រើន នៅពេលថតឈុតឆាកប្រយុទ្ធគ្នា និង ត្រង់ឈុតជិះសេះ។
លោកបានឱ្យដឹងថា លោកត្រូវចាក់ថ្នាំស្ពឹក ដើម្បីកាត់បន្ថយការឈឺចាប់ ដែលជាហេតុធ្វើឱ្យលោកមានបញ្ហាសុខភាពធ្ងន់ធ្ងរ រហូតប៉ះពាល់ដល់សកម្មភាពលោកប្រចាំថ្ងៃថែមទៀតផង។ តារាសម្ដែង ឈិន ឡុង បានរៀបរាប់ថា៖ «ខ្ញុំដឹងថា ថ្ងៃណាមួយខ្ញុំនឹងត្រូវអង្គុយរទេះរុញ ឬត្រូវកាន់ឈើច្រត់ ព្រោះថាសូម្បីតែខ្ញុំផឹកថ្នាំដូចពេលនេះក៏ដោយ ភ្លៅខ្ញុំនៅតែឈឺ ស្មារបស់ខ្ញុំ និង ខ្នងក៏នៅតែឈឺ។ ថ្នាំជួយទប់ការឈឺចាប់សឹងមិនបាន តែខ្ញុំបានចាក់ ២ ម្ជុល ខ្ញុំមិនអាចចាក់លើសពីចំនួនហ្នឹងទេ ព្រោះតែចាក់ច្រើនអាចធ្វើឱ្យឆ្អឹងឆាប់ផុយ ប្រឈមនឹងការវះកាត់។ ខ្ញុំខ្លាចការវះកាត់ ហើយក៏ខ្លាចការចាក់ថ្នាំដែរ»។
ក្នុងរឿង «The Spirit of Dragon Horse» តារាសម្ដែង Jackie Chan បានសម្ដែងជាតួអង្គ Lao La ដែលជាអ្នកគុននិយមវ័យចំណាស់ និង ឯកោម្នាក់ រស់នៅតែជាមួយសត្វសេះ។ ជីវិតរបស់ Lao La គឺប្រឈមនឹងការបាត់បង់សេះសំណព្វរបស់លោក ព្រោះតែបំណុល ហើយខណៈកំពុងជួបបញ្ហានេះ លោកក៏បានទាក់ទងកូនស្រីឈ្មោះ Tieu Bao ដែលកើតចិត្តស្អប់ឪពុកខ្លួន ព្រោះតែការយល់ច្រឡំ ឱ្យជួយដល់លោក៕