ខ្លាំងមែន! ទោះបរាជ័យលើវិស័យ K-Pop តែកូនប្រុសឡាំយ៉ង សម្រេចបើកផលិតកម្មខ្លួនឯងក្នុងវ័យ ២១ ឆ្នាំ
កាលពីពេលកន្លងទៅ មហាជនអ្នកគាំទ្រវិស័យ K-Pop មានការខកចិត្ត និង សោកស្តាយជាខ្លាំង បន្ទាប់ពីក្រុមចម្រៀងថ្មី Trainee A ត្រូវបានរំសាយចេញ និង បិទ Project លែងមានក្រុមបន្តទៀត។ រីឯ សមាជិកក្រុមមួយចំនួនទៀត ត្រូវវិលត្រឡប់ទៅផ្ទះរៀងៗខ្លួន។
ដោយឡែក ងាកទៅមើលតារាប្រុសវ័យក្មេង Yorch Yongsin ដែលជាសមាជិកម្នាក់នៃក្រុម Trainee A ក៏បានវិលត្រឡប់ទៅប្រទេសថៃវិញដូចគ្នាដែរ។ ពិសេស ទន្ទឹមនឹងការត្រឡប់មកវិញនេះ ឃើញថា តារាប្រុសវ័យក្មេង Yorch ហាក់បង្ហាញអារម្មណ៍សោកស្តាយខ្លាំង ក្រោយមិនអាចសម្រេចក្ដីស្រមៃក្លាយជាតារា K-Pop បាន។
តែទោះជាយ៉ាងណា ថ្វីដ្បិតមិនបានក្លាយជាតារា K-Pop ក៏ពិតមែន ក៏អ្នកកំលោះវ័យ ២១ ឆ្នាំរូបនេះ មានឈ្មោះបោះសំឡេងស្រាប់ទៅហើយនៅក្នុងវិស័យសិល្បៈថៃ។ មិនតែប៉ុណ្ណោះ ក្រោយពេលដែលវិលត្រឡប់មកដល់ប្រទេសថៃវិញភ្លាម Yorch ក៏ទទួលបានការលើកទឹកចិត្តជាច្រើន ពីសំណាក់អ្នកគាំទ្រមិនតិចនោះដែរ។
ជាក់ស្តែង អ្វីដែល Yorch Yongsin ធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើល និង នឹកស្មានមិនដល់នោះ បើទោះបីជាក្តីស្រមៃធ្វើជាតារា K-pop មិនបានសម្រេចដូចចិត្តដែលប៉ងទុកក៏ដោយ តែអ្នកកំលោះវ័យក្មេង Yorch Yongsin មិនអស់សង្ឃឹមឡើយ ពោលគឺលោកបានសម្រេចចិត្តបោះជំហានបើកផលិតកម្មដោយខ្លួនឯង ឈរលើមហិច្ឆតាធំ សម្រេចក្ដីស្រមៃមួយទៀតទៅថ្ងៃអនាគត។ សម្រាប់ផលិតកម្មដែល Yorch Yongsin បើកនោះ មានឈ្មោះថា «Yorch Entertainment»៕