ឱកាសមាសមកដល់ហើយ! សម្រាប់អ្នកចង់ក្លាយជា «Rapper» ក្នុងកម្មវិធីប្រកួតរ៉េបលំដាប់អន្តរជាតិដំបូងនៅកម្ពុជា
ជាដំណឹងមួយដ៏គួរឱ្យរំភើបរីករាយសម្រាប់យុវវ័យ ជាពិសេសអ្នកដែលមានទេពកោសល្យ និង ស្រឡាញ់ការរ៉េប ពេលនេះឱកាសដ៏ល្អបានមកដល់ហើយ។ នាថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០២៣ នេះ យោងតាមគណនីផេក «The Rapper Cambodia» បានបង្ហោះ Poster រូបភាពមួយសន្លឹករៀបរាប់ពីការជ្រើសរើសបេក្ខជនដែលមានសមត្ថភាពក្នុងការរ៉េប ចូលរួមប្រកួតដើម្បីបានក្លាយជាអ្នកជំនាញក្នុងវិស័យតន្រ្តីរ៉េប ព្រមទាំងទទួលបានប្រាក់រង្វាន់លើកទឹកចិត្តជាច្រើនផ្សេងទៀត។
បើតាមការឱ្យដឹងបន្ថែមថា The Rapper Cambodia គឺជាកម្មវិធីប្រលងរ៉េបដ៏ពេញនិយម ដែលមានប្រភពពីប្រទេសថៃ ហើយក៏ត្រូវបានប្រទេសវៀតណាមទិញសិទ្ធិផលិតកម្មវិធីក្រោមឈ្មោះ Rap Viet ផងដែរ។ កម្មវិធី The Rapper របស់ប្រទេសថៃ និង ប្រទេសវៀតណាម ទទួលបានការគាំទ្រជាខ្លាំង ហើយត្រូវបានចាត់ទុកថាជាកម្មវិធីប្រលងរ៉េបលេខ ១ ឈានមុខគេនៅក្នុងប្រទេសរៀងៗខ្លួន។
លើសពីនេះទៅទៀតនោះ កម្មវិធីនេះក៏ជាចំណុចចាប់ផ្តើមអាជីពដ៏ជោគជ័យមួយរបស់សិល្បករល្បីៗដូចជា Milli, Tlinh, Autta, MaiyaRap, Saran, Diamond MQT, NameMT និង តារារ៉េបផ្សេងៗទៀតជាច្រើនរូបផ្សេងទៀត។
យ៉ាងណាមិញ បើក្រឡេកមកមើល «The Rapper Cambodia» នេះវិញ វាគឺការប្រកួតប្រជែងផ្តោតលើការស្វែងរកបេក្ខជនដែលមានទេពកោសល្យជំនាន់ថ្មីរបស់ប្រទេសកម្ពុជា និង ជួយជ្រោមជ្រែងឱ្យពួកគេបានឡើងលើវេទិកា ដើម្បីបង្ហាញពីជំនាញរបស់ពួកគេនៅក្នុងតន្ត្រី លក្ខណៈផ្ទាល់ខ្លួន ក៏ដូចជាលំហូរនៃការរ៉េបទៅតាមភ្លេង និងការលេងពាក្យជាដើម។
ចំពោះលក្ខខណ្ឌដើម្បីចូលរួមប្រកួតប្រជែង បេក្ខជនត្រូវតែមានអាយុលើសពី ១៨ ឆ្នាំ ហើយត្រូវតែបង្ហាញទេពកោសល្យរ៉េបកម្រិតខ្ពស់ជាបន្តបន្ទាប់ ដើម្បីធ្វើឱ្យគណៈកម្មការចាប់អារម្មណ៍ ដែលក្នុងនោះមានដូចជាអ្នកផលិត (Producers) និង ទស្សនិកជនជាដើម។
ចំពោះអ្នកឈ្នះក្នុងការប្រកួតនេះវិញ នឹងទទួលបានទឹកប្រាក់ចំនួន ៤០ លានរៀល ស្មើនឹង ១ ម៉ឺនដុល្លារអាមេរិកព្រមទាំងអាចចាប់ផ្តើមអាជីពរ៉េបរបស់ពួកគេជាមួយនឹងការសម្តែងផ្សេងៗ និង ឱកាសផ្សេងៗជាច្រើនទៀត៕