លោក អ៊ិន សុភិន ៖ រឿងដែលធ្វើបន្ត គឺត្រូវដោះស្រាយរាល់បំណុលដែលជំពាក់ដោយសារវិស័យបវរកញ្ញា…
ចាប់តាំងពីឆ្នាំ ២០២០, ២០២១ និង ឆ្នាំ ២០២២ លោក អ៊ិន សុភិន បានទិញយកសិទ្ធិជាអ្នករៀបចំកម្មវិធីប្រកួតសម្រស់ Miss Grand Cambodia ហើយទើបតែមកដល់ឆ្នាំ ២០២៣ នេះប៉ុណ្ណោះ ដែលក្រុមហ៊ុន មហាហង្ស ប្រកាសឈប់ទិញសិទ្ធិធ្វើបន្ត។
ក្នុងរយៈពេល ៣ ឆ្នាំក្រោមការគ្រប់គ្រងរបស់លោក អ៊ិន សុភិន គេសង្កេតឃើញមានទាំងមតិរិះគន់ និង មតិសរសើរពីបណ្ដាទស្សនិកជន ហើយនៅឆ្នាំ ២០២២ ដែលជាឆ្នាំចុងក្រោយដែលលោកប្រកាសឈប់ធ្វើកម្មវិធី Miss Grand Cambodia លោក អ៊ិន សុភិន ក៏បានបង្ហោះសារបញ្ជាក់ពីមូលហេតុថា មកពីលោកហត់នឿយនឹងវិស័យមួយនេះ។
ដោយឡែកថ្មីៗនេះ ម្ចាស់ផលិតកម្មមហាហង្សរូបនេះ បានធ្វើឱ្យមហាជនភ្ញាក់ផ្អើលជាខ្លាំង ក្រោយឃើញលោកបង្ហោះសារមួយពាក់ព័ន្ធនឹងរឿងបំណុល។
នៅថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០២៣ លោក អ៊ិន សុភិន បានរៀបរាប់យ៉ាងភ្ញាក់ផ្អើលថា ៖ «ហត់មែនតែនៅសើចស្រស់ រឿងដែលធ្វើបន្តគឺត្រូវដោះស្រាយរាល់បំណុលដែលជំពាក់ដោយសារវិស័យមួយនេះមុនចាកចេញទៅធ្វើរឿងដើមវិញ ៣ ឆ្នាំចំណាយទាំងលុយកាក់ ពេលវេលា កម្លាំងកាយ កម្លាំងចិត្ត ជួបរឿងជាច្រើនដែលមិនធ្លាប់ជួប អរគុណគ្រប់យ៉ាងអ្នកដែលពាក់ព័ន្ធ ជួយលើកស្ទួយវិស័យ Miss and Mister ក្នុងប្រទេសកម្ពុជា អាយុច្រើនហើយ ឆ្នាំនេះ ៥៤ ឆ្នាំ»៕