ម្ចាស់ផ្ទះចិត្តល្អ ខំខ្នះខ្នែងប្រជៀតទិញសំបុត្រ «Agust D TOUR» ឱ្យឈ្នួល ដែលមានបំណងចង់ទៅមើល
ម្ចាស់ផ្ទះដ៏មានទឹកចិត្តមួយរូប កំពុងផ្ទុះល្បីពេញបណ្ដាញពេញសង្គម Tiktok បន្ទាប់ពីខំស្វះស្វែងប្រជ្រៀតទិញសំបុត្រប្រគំតន្រ្តីជុំវិញពិភពលោករបស់ Suga មក Surprise ឈ្នួលដែលធ្វើការងារផ្ទះ បន្ទាប់ពីនាងខំធ្វើការបានយ៉ាងល្អក្នុងរយៈពេល ៧ ឆ្នាំកន្លងមកនេះ។
ឈ្នួលស្រីមួយរូបនោះ គឺជាអ្នកគាំទ្ររបស់ក្រុមចម្រៀង BTS ប៉ុន្តែពុំមានលទ្ធភាពគ្រប់គ្រាន់ដើម្បីទិញសំបុត្រចូលរួមប្រគំតន្រ្តីពួកគេនោះឡើយ ជាហេតុធ្វើឱ្យម្ចាស់ផ្ទះសម្រេចចិត្តខ្នះខ្នែងដើម្បីធ្វើឱ្យក្ដីស្រមៃនាងប៉ងជួបអាយដលក្លាយជាការពិត។
ម្ចាស់ផ្ទះចិត្តល្អរូបនោះមានឈ្មោះថា Kimberlee Ang រួមជាមួយនឹងបងប្អូនរបស់នាងប៉ុន្មានអ្នកផ្សេងទៀត បានថតបង្ហោះវីដេអូដែលពួកគេ Surprise អ្នកនៅជាមួយ ចូលទៅក្នុងបណ្ដាញសង្គម TikTok ព្រមទាំងរៀបរាប់ថា ៖ «អាចនិយាយបានថា នេះគឺជាការទិញសំបុត្រដ៏ពិបាកបំផុតមួយសម្រាប់នាង។ នាងមិននឹកស្មានថា ARMYs (ឈ្មោះអ្នកគាំទ្រ BTS) ទិញលឿនបានដល់ថ្នាក់នេះនោះទេ»។
បន្ទាប់មក នាងក៏បានបន្ថែមថា ៖ «Nur (ឈ្មោះឈ្នួលរបស់ពួកគេ) សង្ឃឹមថាអ្នកចូលចិត្តអំណោយមួយនេះពីពួកយើង។ អរគុណដែលបាននៅជាមួយពួកយើងអស់រយៈពេលប្រមាណជា ៧ ឆ្នាំកន្លងមកនេះ»។
គួរឱ្យដឹងផងដែរថា ការប្រគំតន្រ្តីជុំវិញពិភពលោករបស់ Suga មានឈ្មោះថា «Agust D TOUR» នឹងធ្វើឡើងនៅប្រទេសសឹង្ហបុរី នាថ្ងៃទី ១៧ និង ១៨ ខែមិថុនា ឆ្នាំ ២០២៣ ខាងមុខនេះ៕