ដឹងតែកក្រើកហ្វេនហើយ! ពេជ្រ វត្តីសារ៉ាវឌ្ឍី ត្រូវក្រសួងបរិស្ថានអញ្ជើញឱ្យដើរម៉ូដក្នុងកម្មវិធី «ពិព័រណ៍កេសរកូល»
ថ្មីៗនេះ លើបណ្ដាញសង្គមហ្វេសប៊ុករបស់បវរកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានបង្ហោះសារបង្ហាញអារម្មណ៍រំភើប និង មានកិត្តិយសខ្លាំង ដែលទទួលបានលិខិតអញ្ជើញដោយផ្ទាល់ពីក្រសួងបរិស្ថាន ដើម្បីចូលរួមដើរបង្ហាញម៉ូដក្នុងកម្មវិធី «ពិព័រណ៌កេសរកូលជាតិលើកទី ៣»។
ក្នុងនោះ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានសរសេររៀបរាប់ថា ៖ «ជាកិត្តិយសខ្លាំងណាស់សម្រាប់នាងខ្ញុំ ដែលទទួលការអញ្ជើញផ្ទាល់ពីក្រសួងបរិស្ថាន ដើម្បីដើរបង្ហាញម៉ូដក្នុងកម្មវិធីពិព័រណ៍កេសរកូល ដើម្បីអបអរសាទរ «វេទិកាកេសរកូលជាតិលើកទី ៣» និង ការប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «សៀវភៅមគ្គទេសក៍ស្តីពីបន្លែនៅប្រទេសកម្ពុជា» នាថ្ងៃទី ០៧ វេលាម៉ោង ០៣ រសៀលដល់ម៉ោង ០៧ យប់ នៅផ្សារទំនើបអ៊ីអនម៉ល ១ ជាពិសេសសូមអញ្ជើញដល់អ្នកគាំទ្រហ្វេនៗចែតីផងណា ជួបគ្នានៅថ្ងៃស្អែកតាមពេលវេលា និង ទីតាំងខាងលើ»។
គួរឱ្យដឹងថា នៅថ្ងៃទី ៧ ដល់ថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០២៣ ខាងមុខនេះ ក្រសួងបរិស្ថាននឹងរៀបចំកម្មវិធី «ពិព័រណ៍កេសរកូល» ដើម្បីអបអរសាទរ «វេទិកាកេសរកូលជាតិលើកទី ៣ និង ការប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការសៀវភៅមគ្គទេសក៍ស្តីពីបន្លែនៅប្រទេសកម្ពុជា» នៅនៅផ្សារទំនើបអ៊ីអនម៉ល ១។
កម្មវិធី «ពិព័រណ៍កេសរកូល» នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីសារសំខាន់ និង គុណតម្លៃនៃប្រភេទកេសរកូលព្រៃ និង រុក្ខជាតិនៅកម្ពុជា សំដៅជំរុញឱ្យមានការចូលរួម និង ថែរក្សាធនធានធម្មជាតិ និង ជីវៈចម្រុះពីសាធារណជន និង អ្នកពាក់ព័ន្ធ។
យ៉ាងណាមិញ ក្រឡេកមើលមហាជនអ្នកគាំទ្ររបស់បវរកញ្ញាដ៏មានសក្ដានុពល ពេជ្រ វត្តីសារ៉ាវឌ្ឍី ក្រោយពីទទួលដំណឹងមួយនេះ បានបង្ហាញក្ដីរំភើបជំនួស និង កំពុងអន្ទះសារងចាំទស្សនាការបង្ហាញវត្តមានរបស់នាងលើវេទិកាជាតិនេះផងដែរ៕