គួរឱ្យសរសើរ! តារាប្រុសស្រី ៣ រូប ចាយលុយផ្ទាល់ខ្លួន ទិញសំបុត្រឱ្យអ្នកគាំទ្រទៅមើលភាពយន្ត «ទេពហត្ថា»
ថ្មីៗនេះ មហាជនអ្នកគាំទ្រវិស័យភាពយន្តបានជា្របហើយទាក់ទងនឹងភាពយន្តខ្នាតធំខ្មែរដ៏ល្អឯកមួយ The Perfect Motion ឬ «ទេពហត្ថា» ដែលជាភាពយន្ដឯកសារដំបូងគេផលិតក្នុងស្រុកសម្រាប់បញ្ចាំងក្នុងរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី ១ មេសា ឆ្នាំ ២០២៣ កន្លងទៅ។
ខ្សែភាពយន្តនេះ បានចាប់យកខ្លឹមសារនៃទម្រង់សិល្បៈដ៏ស្រស់ស្អាត ជាមួយនឹងរូបភាពដ៏ទាក់ទាញ និង សាច់រឿងដ៏គួរឱ្យចាប់អារម្មណ៍និយាយពី អ្នករបាំជំនាន់ក្រោយ និង អ្នករបាំជើងចាស់ បានចែករំលែកសក្ខីភាពដ៏គួរឱ្យរំភើប ចំពោះការលះបង់ក្នុងជីវិតរបស់ពួកគេក្នុងការផលិតស្នាដៃដ៏ល្អឥតខ្ចោះ និង ធានាថានឹងបន្តទៅដល់ជំនាន់ក្រោយៗ ទោះបីមានសោកនាដកម្មក្នុងប្រវត្តិសាស្ត្រកម្ពុជាក៏ដោយ។
ខ្សែភាពយន្តនេះមានសាច់រឿងពីរ ៖ ទីមួយទៅលើការបង្កើត «នាងវឌ្ឍនាទេវី» របស់សម្តេចព្រះរៀម នរោត្តម បុប្ផាទេវី (ស្នាព្រះហស្ដចុងក្រោយរបស់ទ្រង់) និង សាច់រឿងមួយទៀតអំពីប្រវត្តិនៃរបាំព្រះរាជទ្រព្យចាប់ពីឆ្នាំ ១៩០៦។
ដោយឡែក ស្របពេលភាពយន្តខ្មែរដ៏ល្អឯកនេះកំពុងចាក់បញ្ចាំងគ្រប់រោងភាពយន្ត ក៏បានឃើញបណ្ដាញសង្គមហ្វេសប៊ុករបស់តារាប្រុសស្រីខ្មែរ ៣ រូប បានបង្ហាញទឹកចិត្តដ៏ប្រពៃប្រកាសចែកសំបុត្រ និង ម៉ៅរោងកុន ដើម្បីឱ្យអ្នកគាំទ្ររបស់ខ្លួនចូលរួមទស្សនា និង គាំទ្រចំពោះភាព «ទេពហត្ថា» នេះដែរ។
១. ជី ដេវីត
«ជាមូលដ្ឋានគ្រឹះក្នុងការចូលរួមគាំទ្រអ្វីមួយ យើងគួរយល់ដឹងពីចំណុចចាប់ផ្តើម និង ការវិវត្តន៍អំពីរបស់នោះឱ្យបានច្បាស់! ទេពហត្ថា (The Perfect Motion) គឺជាខ្សែភាពយន្ដរៀបរាប់យ៉ាងលម្អិតអំពីប្រវត្តិ និង ការចងចាំនៃរបាំបុរាណខ្មែរ ឬ របាំព្រះរាជទ្រព្យ ជាពិសេសមនោសញ្ចេតនា និង អានុស្សាវរីយ៍ ដែលមិនអាចកាត់ថ្លៃបានរវាងគ្រូ និង សិស្ស។ ជាកូនខ្មែរមួយរូបមិនគួររំលង ភាពយន្តដ៏ល្អឯកមួយនេះទេ។ ដើម្បីកុំឱ្យឱកាសនេះកន្លងផុត សូមអញ្ជើញ Top Fan ទាំងអស់គ្នា ទៅទស្សនាខ្សែភាពយន្ត «ទេពហត្ថា» នាថ្ងៃស្អែកនេះដោយឥតគិតថ្លៃ ជាមួយខ្ញុំបាទ។ ទីតាំង ៖ Legend Cinema Noro Mall ម៉ោង ៖ ៦ និង ៣០ នាទីល្ងាច។ បញ្ជាក់៖ សម្រាប់អ្នកចង់ចូលរួមទស្សនា អាចទៅយកសំបុត្រជាមុន ចាប់ពីម៉ោង ៤ ល្ងាច នៅទីតាំងរោងកុនតែម្តង! ចំនួនមានកំណត់ត្រឹមតែមួយ Hall តែប៉ុណ្ណោះ»។
២. ហេង វីសាល
«ម៉ៅរោងកុនមួយទៅមើល «ទេពហត្ថា» ទាំងអស់គ្នា។ អរុណសួស្តីអ្នកទាំងអស់គ្នា នេះគឺជា List ឈ្មោះ អ្នកដែលបានចុះឈ្មោះកាលពីម្សិលមិញ។ ថ្ងៃស្អែកម៉ោង ៣:៣០ នាទីថ្ងៃត្រង់ អ្នកទាំងអស់គ្នាអាចទៅយកសំបុត្រនៅ Prime Samai Square បានដោយប្រាប់គេនៅឈ្មោះ លេខទូរស័ព្ទ និង ចំនួនសំបុត្រដែលបានដាក់។ អរគុណ ជួបគ្នាថ្ងៃស្អែក»។
៣. រចនា រ៉ាវាឌី
«ខ្សែភាពយន្ត «ទេពហត្ថា» ព្រះដំណើរចុងក្រោយនៃការដឹកនាំសិល្បៈនៃសម្តេចទេពនាដវដ្តីឯក នរោត្តម បុប្ផាទេវី ។ ខ្សែភាពយន្ត «ទេពហត្ថា» កំពុងតែបញ្ចាំងគ្រប់រោងភាពយន្តទាំងអស់នៅក្រុងភ្នំពេញ ដោយការចាក់បញ្ចាំងខ្សែភាពយន្តឯកសារនេះ មិនសូវមានអ្នកចាប់អារម្មណ៍ និង ចូលទស្សនាឡើយ ពីសំណាក់ទស្សនិកជន និង យុវជនខ្មែរ។
ក្នុងនាមខ្ញុំជាសិល្បការិនីខ្មែរមួយរូប ក៏ដូចជាកូនខ្មែរដែលកើតមកក្នុងទឹកដីអច្ឆរិយៈមួយនេះចង់រួមចំណែកការពារ និង លើកស្ទួយវប្បធម៌ជាតិកម្ពុជា។ បើទោះបីជានាងខ្ញុំ មិនមានវត្តមាននៅក្នុងខ្សែភាពយន្តនេះក៏ដោយ ប៉ុន្តែនាងខ្ញុំ រចនា រ៉ាវាឌី នឹងមានការចែកសំបុត្រដែលចំណាយដោយថវិកានាងខ្ញុំផ្ទាល់ ទៅកាន់បងប្អូនទាំងអស់គ្នា ដើម្បីមកទស្សនាខ្សែភាពយន្តដ៏ល្អឯកមួយនេះ ដែលបងប្អូនខ្មែរយើងទាំងអស់គ្នាមិនគួររំលង ហើយនៅក្នុងនោះដែរបងប្អូនទាំងអស់គ្នានឹងបានចូលរួមទស្សនាជាមួយនឹងនាងខ្ញុំផ្ទាល់ផងដែរ។
គោលបំណងធំបំផុតរបស់នាងខ្ញុំគឺចង់ឱ្យប្រជាជនខ្មែរ ក៏ដូចជាអ្នកគាំទ្ររបស់នាងខ្ញុំ និង បងប្អូនដែលគាត់ចង់ទស្សនាខ្សែភាពយន្តដ៏មានតម្លៃនេះទាំងអស់គ្នា លោកអ្នក និង ទទួលដឹងអំពីតម្លៃ និង ការលះបង់ជាច្រើនរបស់បុព្វគ្រូ បរមគ្រូអ្នកគ្រូលោកគ្រូដែលលោកបានលះបង់ព្រះជន្មប្តូរផ្តាច់រក្សារបាំព្រះរាជទ្រព្យ ដែលជាសម្បត្តិដ៏មានតម្លៃដ៏មហាសាលមួយនេះ ហើយក៏ចង់ភិរក្សការពារ និង លើកស្ទួយវប្បធម៌ជាតិ ដើម្បីឱ្យបងប្អូនជំនាន់ក្រោយឬក៏ក្មេងៗជំនាន់ក្រោយបានស្គាល់កាន់តែស៊ីជម្រៅនៃវប្បធម៌ប្រទេសដ៏សែនអស្ចារ្យរបស់យើងទាំងអស់គ្នា ដូចដែលពាក្យចាស់លោកពោលថា «វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណារាយ ជាតិថ្កើនថ្កាន»។ សម្រាប់បងប្អូនដែលចង់បានសំបុត្រសូមបងប្អូនចូលទៅ Comment អំពីគោលបំណងដែលចង់ទស្សនាខ្សែភាពយន្តមួយនេះ នៅក្នុង Post នេះផងណា៎»៕