គ្រាន់តែ វណ្ណដា បង្ហោះថា ទៅស្រុកតែងមានគេសួរកាលយកប្រពន្ធ? ស្រាប់តែអ្នកគាំទ្រសម្រុកចូលខមមិនព្រាត
ពិតណាស់ សមិទ្ធផលការងារ ព្រមទាំងប្រជាប្រិយភាពរបស់កំពូលតារាចម្រៀងរ៉េប វណ្ណដា ផ្ទុះកាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ មិនតែប៉ុណ្ណោះភាពស្រស់សង្ហា អត្តចរិកគួរឱ្យស្រឡាញ់ និង ពាក្យពេចន៍វោហារពូកែលេបខាយរបស់លោក ក៏បានឆក់យកបេះដូងអ្នកគាំទ្រជាពិសេសនារីៗយ៉ាងច្រើនគួរឱ្យកត់សម្គាល់ផងដែរ។
ជាក់ស្ដែងថ្មីៗនេះ លោកបានទៅលេងនៅឯស្រុកកំណើតខាងអ្នកម៉ាក់លោកនៅឯស្រុកស្អាង ខេត្តកណ្ដាល ព្រមទាំងរំឭកអនុស្សាវរីយ៍កាលពីមុនៗយ៉ាងច្រើន។ ដោយឡែក នារសៀលថ្ងៃទី ៦ ខែមេសា ឆ្នាំ ២០២៣ នេះ វណ្ណដា បានបង្ហោះជា Status ចូលទៅក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ព្រមទាំងបានលេបខាយពាក្យសម្ដី ហួសចិត្តបែបលេងសើចថា ៖ «ឱ្យតែទៅស្រុក សំណួរទីមួយពេលជួបគ្នាគឺ កាលយកប្រពន្ធ?»។
ទន្ទឹមគ្នានោះ លោកក៏បានបន្ថែមថាភាសាអង់គ្លេសថា ៖ «And I’m like damnnn here we go again»? ដែលលោកចង់មានន័យថា «អើយយយយ! ទៀតហើយ»។ យ៉ាងណាមិញ គ្រាន់តែការលេងពាក្យសម្ដីពី វណ្ណដា តែប៉ុណ្ណេះរួចមក គេសង្កេតឃើញមានអ្នកគាំទ្រជាច្រើនក្នាញ់នឹងពាក្យពេចន៍ចាក់ទឹកមិនលិចរបស់ វណ្ណដា ព្រាត ហើយថែមទាំងបានចូលទៅបញ្ចេញមតិប្លែកៗភ្លូកទឹកភ្លូកដី៕