ថ្ងៃកំណើតភរិយា ឧកញ៉ា ប៊ុន រតនា ពោលពាក្យអរគុណ និង ទម្លាយពីចរិតប្រពន្ធគ្មានសល់
បើទោះជាមិនបានរៀបចំកម្មវិធីធំដុំនៅថ្ងៃកំណើតកាលពីថ្ងៃទី ០៧ ខែមេសា ឆ្នាំ ២០២៣ កន្លងទៅក្តី តែអតីតពិធីការិនីល្បីឈ្មោះប្រចាំទូរទស្សន៍ថោន លី ឈី ក៏ទទួលបានការជូនពរជាច្រើនពីសំណាក់អ្នកគាំទ្រ ក្រុមគ្រួសារ និង មិត្តទាំងក្នុងក្រៅសិល្បៈជាច្រើនផងដែរ។
ជាងនេះទៅទៀត អ្វីដែលជាក្តីរំភើបមិនអាចកាត់ថ្លៃបានដល់អតីតតារាស្រី ដែលកំពុងមានងារជាជំទាវរូបនេះ គឺការទទួលបានពាក្យជូនពរ និង ស្ញើចសរសើរពីស្វាមី គឺឧកញ៉ា ប៊ុន រតនា យ៉ាងមានន័យ។
ក្នុងនោះ ឧកញ៉ា ប៊ុន រតនា បានជូនពរ និង ស្ញើចសរសើរ ព្រមទាំងទម្លាយខ្ទេចពីអតចរិតដ៏ល្អរបស់ភរិយាថា ៖ «រីករាយថ្ងៃកំណើតប្រពន្ធសម្លាញ់ លី ឈី។ ជាដំបូង បងសូមអរគុណអូន សម្រាប់ក្តីស្រឡាញ់ យកចិត្តទុកដាក់ មើលថែប្តី កូនៗ និង គ្រួសារបានល្អណាស់។ អូនជាភរិយា ជាម្តាយ ជាកូន កូនប្រសាដ៏ល្អ! អូនតែងតែគិតពីអ្នកដទៃជាងខ្លួនឯង។ បងសូមជូនពរអូន ក្នុងឱកាសខួបកំណើតឆ្នាំនេះ សូមឱ្យគ្រប់បំណងប្រាថ្នា ដែលអូនប៉ងប្រាថ្នាបានសម្រេចដូចបំណងក្នុងឆ្នាំនេះ។ សូមអូនមានសុខភាពល្អ សម្រស់របស់អូននៅតែស្អាតជាអមតៈ។ ជាពិសេសអាជីវកម្មថ្មីរបស់អូន សូមឱ្យមានប្រជាប្រិសភាព មានអតិថិជនគាំទ្រច្រើន មានញាតិមិត្ត បងប្អូន ស្រឡាញ់រាប់អានច្រើន។ ជាចុងក្រោយប្តីសូមនិយាយថា ប្តីស្រឡាញ់អូនតែម្នាក់គត់ ហើយប្តី និង មើលថែអូន កូនៗ និង គ្រួសាររបស់យើងឱ្យបានល្អបំផុតជាដរាបដល់ថ្ងៃអនាគត»។
ក្រោយពីឃើញសារឃើញខាងលើ មិនត្រឹមតែអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកនោះទេ ដែលសរសើរពីភ័ព្វសំណាងរបស់ជំទាវ លី ឈី ដែលមានស្វាមីស្រឡាញ់យល់ចិត្តយ៉ាងខ្លាំងយ៉ាងនេះ សូម្បីតែជំទាវ លី ឈី ក៏រំភើបចិត្តរហូតឆ្លើយតបស្វាមីភ្លាមៗថា ៖ «អានហើយអួលដើម-ក ហូរទឹកភ្នែកដោយមិនបានត្រៀម! អរពេក»៕