ផ្អើលអ្នកគាំទ្រ! New ទម្លាយរឿងចាំមិនភ្លេចមួយដែល Two Pee ធ្លាប់ធ្វើដាក់ ខណៈលោកលេចមុខលើឆាក Mask Singer
ថ្មីៗនេះ តារារ៉េប Two Pee បានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើល និង បើកភ្នែកធំៗយ៉ាងខ្លាំង ខណៈស្ងាត់ៗតារាប្រុសរូបនេះលេចមុខក្នុងកម្មវិធីប្រឡងចម្រៀង Mask Singer ធ្វើឱ្យគណៈកម្មការទាំងអស់នៅក្នុងកម្មវិធីភ្ញាក់ផ្អើលស្ទើរទេ។
អ្វីដែលកាន់តែពិសេស ទន្ទឹមនឹងលេចមុខលើកដំបូងក្នុងកម្មវិធី Mask Singer នេះដែរ តារាប្រុសរូបនេះមិនត្រឹមតែបានបង្ហើបសំនៀងដ៏ពីរោះឱ្យអ្នកគាំទ្របានស្តាប់នោះទេ តែអ្វីដែលសំខាន់លោកថែមទាំងបង្ហាញរឿងរ៉ាវអតីតកាលជាមួយតារាស្រី New ជាគណៈកម្មការនៅក្នុងកម្មវិធីនេះឱ្យអ្នកគាំទ្របានស្តាប់ថែមទៀតផង។
ក្នុងនោះ គ្រាន់តែឃើញមុខ Two Pee ភ្លាម តារាស្រី New បានទម្លាយរឿងមួយធ្វើឱ្យគណៈកម្មការផ្សេងទៀតភ្ញាក់ផ្អើលព្រាតថា នាងធ្លាប់ជួបជាមួយ Two Pee ម្តង ហើយក៏ជាថ្ងៃដែលនាងចងចាំមិនភ្លេចដែរ ព្រោះ Two Pee បានដើរបុកនាងមួយទំហឹង រហូតធ្វើឱ្យនាងមានឈាមហូរមិនឈប់ តែកំហុសអចេតនានោះ នាងក៏សរសើរ Two Pee ដូចគ្នា ដោយលោកបានសុំទោសនាងឥតឈប់ ពោលគឺមានទំនួលខុសត្រូវតែម្តង៕