មកដឹងប្រវត្តិតស៊ូ អ៊ិន លក្ខិណា ធ្លាប់ចូលប្រកួតកម្មវិធីបវរកញ្ញាជាច្រើន
ប្រិយមិត្តបានដឹងរួចហើយ កញ្ញា អ៊ិន លក្ខិណា ជាបវរកញ្ញមួយរូបដែលមានភាពលេចធ្លោគួរឱ្យកត់សម្គាល់ក្នុងវិស័យបវរកញ្ញាខ្មែរ ដោយនាងមានបទពិសោធក្នុងការប្រកួតជាច្រើនឆ្នាំមកហើយ តែមិនធ្លាប់ទទួលបានមកុដឯកពីកម្មវិធីឡើយ ដោយបានត្រឹមជ័យលាភីរងប៉ុណ្ណោះ។ ក្នុងនោះគេឃើញស្រីស្អាតរូបនេះឆ្លងកាត់ការប្រកួតចំនួន ៣ លើករួចមកហើយ។
១. លើកទី ១ ក្នុងឆ្នាំ ២០១៩ នៅកម្មវិធី Miss Cambodia
នៅក្នុងឆ្នាំ ២០១៩ នាងបានចូលរួមប្រកួតកម្មវិធី Miss Cambodia តែពុំទទួលបាន Top ណាមួយឡើយ តែជាបទពិសោធនដំបូងរបស់នាងក្នុងវិស័យបវរកញ្ញា។
២. លើកទី ២ ក្នុងឆ្នាំ ២០១៩ នៅកម្មវិធី Miss World Cambodia
នៅឆ្នាំ ២០១៩ ដដែល ក្រោយចូលរួមប្រកួតកម្មវិធី Miss Cambodia ពុំទទួលបានលទ្ធផល ស្រីស្រស់សម្បុរស្រអែមរូបនេះក៏បានប្រឹងដុសខាត់ខ្លួនឯងចូលរួមប្រកួតក្នុងកម្មវិធី Miss World Cambodia ដោយកាលនោះទទួលបានលំដាប់រងទី ១ តែពុំបានតំណាងឱ្យកម្ពុជាប្រកួតក្នុងឆាកអន្តរជាតិមួយណាឡើយ។
៣. លើកទី ៣ ក្នុងឆ្នាំ ២០២១ នៅកម្មវិធី Miss Grand Cambodia
ដោយមានឆន្ទៈចង់ក្លាយជាបវរកញ្ញាម្នាក់ និង ចង់តំណាងឱ្យប្រទេសកម្ពុជា នៅឆ្នាំ ២០២១ កញ្ញា អ៊ិន លក្ខិណា បានចូលប្រកួតសាជាថ្មីនៅក្នុងកម្មវិធី Miss Grand Cambodia ២០២១ ដោយទទួលបានតំណែងលំដាប់រងទី ១។ ក្នុងនោះ ដ្បិតថាទទួលបានតំណែងរងទី ១ មែន តែស្រីស្រស់រូបនេះមានឱកាសតំណាងឱ្យកម្ពុជាលើឆាកអន្តរជាតិក្នុងកម្មវិធី Miss Supranational នៅប្រទេសប៉ូឡូញ តែមិនបានទទួលលទ្ធផលល្អឡើយ។
យ៉ាងណាមិញ បន្ទាប់ពីប្រឡូកក្នុងការប្រកួតច្រើនដង ប៉ុន្តែមិនទាន់ទទួលបានអ្វីដែលជាមហិច្ឆតាខ្លួនចង់បាននោះ នៅឆ្នាំ ២០២៣ នេះ កញ្ញា អ៊ិន លក្ខិណា បានប្រកាសវិលត្រឡប់មកវិញ ជាមួយការឈោងចាប់ក្តីស្រមៃចូលប្រឡងកម្មវិធី Miss Grand Cambodia ២០២៣ ដោយនាងសង្ឃឹមថាលើកនេះច្បាស់ជាយកមកុដឯកឱ្យខ្លួន និង ជូនអ្នកគាំទ្ររបស់នាងបានមិនខាន ៕