Yoo Ah In នឹងចូលប៉ុស្តិ៍បំភ្លឺម្តងទៀត ជុំវិញការស៊ើបរកការពិតលើករណីដ៏ក្តៅមួយនេះទៀត
បច្ចុប្បន្ននេះ តារាសម្ដែងប្រុស Yoo Ah In កំពុងស្ថិតក្រោមការស៊ើបអង្កេតបន្ថែមពីបទពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀន ហើយប៉ូលិសគ្រោងនឹងកោះហៅតារាប្រុសរូបនេះមកចូលបំភ្លឺម្ដងទៀតក្នុងសប្ដាហ៍នេះ ប៉ុន្តែមិនបានបញ្ជាក់ថ្ងៃបរិច្ឆេទនោះទេ។
យ៉ាងណាមិញ បើតាមសម្តីរបស់ប៉ូលិសជំនាញស៊ើបអង្កេតករណីនេះ បាននិយាយប្រាប់សារព័ត៌មានកូរ៉េ កាលពីថ្ងៃទី ០៣ ខែមេសា ឆ្នាំ ២០២៣ ថា ៖ «ពួកយើងជឿថាការស៊ើបអង្កេតបន្ថែម គឺជាករណីចាំបាច់ក្នុងរឿងក្តីពាក់ព័ន្ធនឹងគ្រឿងញៀនរបស់លោក Yoo Ah In។ ជាពិសេស ការស៊ើបអង្កេតកំពុងដំណើរការយ៉ាងស៊ីជម្រៅចង់ដឹងថាតើលោកបានប្រើសារធាតុថ្នាំ Cocaine ពិតឬអត់»។
ជាមួយគ្នានោះ ប៉ូលិសជំនាញក៏បាននិយាយទៀតថា ៖ «ករណីមួយនេះ គឺមានការពិបាកក្នុងការចោទប្រកាន់ Yoo Ah In ពីបទប្រើប្រាស់ថ្នាំ Cocaine ព្រោះថាលទ្ធផលដែលបង្ហាញនោះគឺចេញពីតេស្តសសៃសក់របស់លោក។ ការស៊ើបអង្កេតបន្តនោះ គឺដើម្បីបញ្ជាក់កាន់តែច្បាស់ថាលោកបានប្រើប្រាស់ថ្នាំនេះឬអត់ និង ប្រភពដែលលោកបានថ្នាំនេះ»។
គួរឱ្យដឹងដែរថា តារាសម្ដែងប្រុស Yoo Ah In ត្រូវបានគេសង្ស័យបានប្រើប្រាស់ប្រភេទថ្នាំហាមឃាត់ ៤ ប្រភេទផ្សេងៗគ្នា ដូចជា propofol, កញ្ឆា, Cocaine និង ketamine។ ក្នុងចំណោមថ្នាំទាំង ៤ នេះ ខាងប៉ូលិសបានបន្តផ្តោតលើការស៊ើបអង្កេតថ្នាំ Cocaine ដោយសារតែថ្នាំនេះពិបាកក្នុងការបញ្ជាក់ការប្រើប្រាស់របស់វា៕