(វីដេអូ) ជីវិតមានគ្រប់យ៉ាង តែ ខៀវ សានសាណា ប្រាប់ថាបេះដូងម្ខាងទទេស្អាត ព្រោះរស់ឆ្ងាយកូនប្រុស
មហាជនអ្នកគាំទ្រអ្នកនាង ខៀវ សានសាណា ច្បាស់ជាធ្លាប់បានលួចសរសើរពីជីវិតឯកជនរបស់អ្នកនាង ដែលមិនត្រឹមតែជាពិធីការិនីល្បីឈ្មោះលើវិស័យសិល្បៈ អាចរកប្រាក់ចំណូលបានច្រើននោះទេ តែអ្នកនាងក៏មានសុភមង្គលខ្លាំងណាស់ដែរ ដោយទទួលបានក្តីស្រឡាញ់យកចិត្តទុកដាក់ពីស្វាមីក្រោយរបស់អ្នកនាង។
ជាងនេះទៅទៀត ក្រឡេកទៅមើលទ្រព្យសម្បត្តិឯនោះវិញ អ្នកនាង ខៀវ សានសាណា ក៏អាចរាប់បញ្ជូលជាសិល្បការិនីដ៏អភិជនមួយរូបដែរ ដោយអ្នកនាងមានទាំងផ្ទះវីឡាធំៗ ឡានទំនើបៗតម្លៃរាប់ម៉ឺនដុល្លារ ថែមទាំងមានខុនដូផ្ទាល់ខ្លួនច្រើនកន្លែងទៀតផង។
យ៉ាងណាថ្មីៗនេះ អ្នកនាង ខៀវ សានសាណា បានទម្លាយឱ្យដឹងថា បើពេលនេះជីវិតរបស់អ្នកនាង មានសព្វគ្រប់បែបយ៉ាងអស់ហើយ មិនថាលុយ ឡាន គឺសូម្បីតែសុខភាពក៏ល្អប្រសើរដែរ ប៉ុន្តែអ្នកនាងពេលនេះ បេះដូងរបស់អ្នកនាងម្ខាងទៀត គឺទទេស្អាត ពោលគឺ បេះដូងម្ខាងបានដាក់ទុកកូនស្រីហើយ តែម្ខាងទៀតគឺនៅចំហ ព្រោះកូនប្រុសច្បងរបស់នាងនៅឆ្ងាយពីនាង។
ជាការពិត មហាជនបានដឹងហើយថា មុននឹងទទួលបានចំណងអាពាហ៍ពិពាហ៍លើកទី ២ រស់នៅយ៉ាងមានសុភមង្គល គឺអ្នកនាងបានបែកបាក់ចំណងអាពាហ៍ពិពាហ៍លើកទី ១ នឹងអតីតស្វាមីជាជនជាតិកាណាដា ហើយក្រោយពីលែងលះគ្នាហើយនោះ កូនប្រុសច្បងត្រូវប្រគល់ឱ្យអតីតស្វាមីជាអ្នកចិញ្ចឹមបីបាច់ថែរក្សា ចំណែកកូនស្រីពៅវិញ គឺនាងជាអ្នកមើលថែផ្ទាល់ដៃ។
បើគិតមកដល់ពេលនេះ កូនប្រុសច្បងរបស់អ្នកនាងមានអាយុ ១៤ ឆ្នាំ ហើយ ក្នុងនោះមានរយៈពេល ១២ ឆ្នាំ ដែលអ្នកនាងបានចាកឆ្ងាយពីកូន មិនបាននៅក្បែរក្នុងនាមជាម្តាយមើលថែកូនប្រុស ផ្តល់ភាពកក់ក្តៅដល់រូបគេ គឺបានត្រឹមតែជួបគ្នាតាមការទាក់ទងលើប្រព័ន្ធអ៊ីនធឺណេតប៉ុណ្ណោះ។
យ៉ាងណា ទោះបីបែកបាក់កូនប្រុសច្បងច្រើនឆ្នាំ អ្នកនាង ខៀវ សានសាណា ក៏សង្ឃឹមថា វេលាណាមួយមកដល់ អ្នកនាង នឹងបានរស់នៅក្បែរកូនប្រុស មើលថែកូនប្រុស ឱបកូនប្រុស និង ប្រាប់កូនថា អ្នកនាងស្រឡាញ់គេខ្លាំងប៉ុនណា៕