កាន់តែក្តៅ! ជំទាវ ចន ច័ន្ទលក្ខិណា ចេញមុខបង្ហាញការយល់ឃើញ ជុំវិញអ្នកនិយាយពី «អ្នកមានអ្នកក្រ»
នារយៈពេលប៉ុន្មានមកនេះ នៅលើបណ្ដាញសង្គមហ្វេសប៊ុក និង Tiktok ជាដើម មានការបង្ហោះលើកឡើង ដោយជជែកវែកញែកខ្លាំងលើប្រធានបទ «អ្នកមានអ្នកក្រ» ហើយមកដល់ពេលនេះ ប្រធានបទមួយនេះក៏នៅតែក្ដៅគគុក ព្រោះមានអ្នកខ្លះថាមិនគួរមើលងាយអ្នកក្រ គ្មានអ្នកណាម្នាក់ចង់ក្រ ចង់លំបាកជាដើម ចំណែកខ្លះទៀតក៏បានបញ្ចេញគំនិតតាមការយល់ឃើញរបស់ពួកគេរៀងៗខ្លួន។
ងាកទៅមើលបណ្ដាញសង្គមហ្វេសប៊ុករបស់ ជំទាវ ចន ច័ន្ទលក្ខិណា ក្នុងនាមជាអ្នកសិល្បៈមួយរូប និង ជាប្រធានសមាគមសិល្បករកម្ពុជា ដែលមានការស្រឡាញ់គាំទ្រពីមហាជន ក៏បានបង្ហោះសារនិយាយពីប្រធានបទមួយនេះដែរ ដោយជំទាវបានបញ្ចេញមតិចំពោះអ្នកលើកឡើងប្រធាននេះមកនិយាយ ដែលជាអ្នកធ្លាប់ជួយសង្គមច្រើន និង មានចិត្តចែករំលែកគំនិតវិជ្ជមានល្អៗជាច្រើនកន្លងមក ព្រមទាំងក្នុងនោះ ជំទាវបានសុំឱ្យមហាជនដែលវែកញែករឿងនេះ មិនគួរយកពាក្យសម្ដីជ្រុលជ្រោះមួយម៉ាត់សម្លាប់ទឹកចិត្តរបស់គាត់នោះទេ។
ក្នុងនោះ អ្នកនាង ចន ច័ន្ទលក្ខិណា បានរៀបរាប់ថា ៖ «កន្លងមកខ្ញុំបានមើលឃើញថា គាត់ជួយសង្គមច្រើនណាស់ ទាំងការលះបង់កម្លាំងកាយចិត្តចែករំលែកគំនិតវិជ្ជមានល្អៗដល់អ្នកជំនាន់ក្រោយ ជាពិសេស សិស្ស និស្សិត ដែលពុំទាន់រកឃើញនូវគោលដៅជីវិត ព្រមទាំងលះបង់ថវិការជាច្រើនដើម្បីជួយដល់សកម្មភាពសប្បុរសធម៌នានារហូតមក។ យើងមិនគួរយកពាក្យសម្ដីជ្រុលជ្រោះមួយម៉ាត់មកសម្លាប់គាត់បែបនេះទេ គឺហាក់ដូចជាសម្លាប់ទឹកចិត្តគាត់ដែលខិតខំដើម្បីសង្គម និង អ្នកជំនាន់ក្រោយ។ គ្មានអ្នកណាល្អគ្រប់ដប់ទេ ខ្ញុំគិតថាគាត់និយាយនេះ ក្នុងចេតនាចង់បណ្តុះផ្នត់គំនិត និង ស្មារតីមនុស្សឱ្យមានទម្លាប់ល្អ ឱ្យមានការរីកចម្រើនល្អ អ៊ីចឹងពេលខ្លះយើងគួរបើកចិត្តកែទម្លាប់មិនល្អរបស់យើងកន្លងមកដើម្បីអភិវឌ្ឍន៍ខ្លួនឯង»៕