នឹករឭកទេ? តារាកំប្លែងល្បី ៦ ដួង ចាកចេញពីអ្នកគាំទ្រទាំងអាល័យ បន្សល់ទុកការចងចាំគ្មានថ្ងៃភ្លេចបាន
បច្ចុប្បន្ននេះ មានតារាកំប្លែងជើងចាស់មួយចំនួនបានលាចាកលោកបាត់ទៅហើយ តែទោះបីជារូបកាយបានចាកចេញពីពិភពលោកពិតមែន គ្រប់គ្នាក៏នៅតែចងចាំនូវរាល់កាយវិការ ក៏ដូចជាកាសម្ដែងដែលពោរពេញទៅដោយការអប់រំ និង បង្កសំណើច ធ្វើឱ្យមហាជនអ្នកទស្សនាបានសើចសប្បាយគ្រប់ៗពេលនោះដែរ ។
១. នាយ វីតាមីនសេ
ជឿជាក់ថាប្រិយមិត្តគ្រប់ស្រទាប់វ័យសុទ្ធតែបានទទួលបានភាពសប្បាយរីករាយពីតារាកំប្លែងជើងចាស់ នាយ វីតាមីនសេ ជាមិនខាន ។ នាយ វីតាមីនសេ បានសាងកេរ្តិ៍ឈ្មោះលើវិថីសិល្បៈអស់រយៈពេលមិនតិចជាង ៤០ ឆ្នាំនោះឡើយ ហើយតារាកំប្លែងរូបនេះ បានលាចាកលោកដោយជំងឺរាំរ៉ៃដុំសាច់មហារីកនៅបរិវេណថ្លើម និង ជំងឺផ្សេងៗទៀតក្នុងវ័យ ៦៩ ឆ្នាំ ដែលការចាកចេញនេះ ពិតធ្វើឱ្យមហាជនមានក្ដីអាឡោះអាល័យជាខ្លាំង ។
២. នាយ វ៉ាងដឺ
បើនិយាយពីតារាកំប្លែងល្បីឈ្មោះបោះសំឡេងតាំងពីអំឡុងឆ្នាំ ៩០ នាយ វ៉ាងដឺ មកទល់ពេលនេះ លោកបានបាត់បង់ជីវិតអស់រយៈពេលប្រមាណជាង ២០ ឆ្នាំ មកហើយ ។ យ៉ាងណាមិញ ទោះជាតារាកំប្លែងនាយ វ៉ាងដឺ បានបាត់បង់ជីវិតហើយក្តី ប៉ុន្តែរូបភាព និង ទេពកោសល្យរបស់លោកក៏នៅតែបន្តចែករំលែកនៅឡើយតាមរយៈវីដេអូចាស់ៗការលេងកំប្លែងរបស់លោកមករហូតពុំសូវដាច់ពីក្រសែភ្នែកមហាជនឡើយ ។
៣.នាយ ជីវ៉ាន់ ស៊ុយ
ព្រោះតែជំងឺរ៉ាំរ៉ៃប្រចាំកាយ នៅថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ ២០១២ មច្ចុរាជបានផ្ដាច់យកជីវិតតារាកំប្លែងដ៏ល្បីមានវោហាសព្ទមិនចេះរីងស្ងួត នាយ ជី វ៉ាន់ស៊ុយ ដែលមានឈ្មោះពេញថា រុន សារ៉េន ក្នុងវ័យ ៥២ ឆ្នាំទៅគ្មានថ្ងៃវិលត្រឡប់ ។ ទោះបីរូបកាយបានចាកឆ្ងាយពីផែនដី តែកេរ្តិ៍ឈ្មោះដែលតារាប្រុសរូបនេះបានសាង គឺនៅតែដក់ជាប់ក្នុងដួងចិត្តមហាជនខ្មែរគ្រប់រូបដដែល ។
៤. នាយ សានម៉ៅ
ដោយឡែក បើនិយាយពីតារាកំប្លែង និង ជាអតីតតួឯកល្ខោនបាសាក់ លោក ធូ ចំរ៉ុង ហៅ នាយ សានម៉ៅ បានសាងកេរ្តិ៍ឈ្មោះលើវិថីសិល្បៈអស់រយៈពេលមិនតិចជាង ៤០ ឆ្នាំនោះឡើយ។ តារាកំប្លែងរូបនេះ បានទទួលមរណភាពកាលពីថ្ងៃទី ០២ ខែតុលា ឆ្នាំ ២០១៩ នៅឯមន្ទីរពេទ្យប្រទេសថៃ ដោយរោគាពាធនៅក្នុងអាយុត្រឹមតែ ៦០ ឆ្នាំ។
ជាការពិត មុនលាចាលលោកនេះ តារាកំប្លែងរូបនេះបានធ្វើឱ្យមហាជនខ្មែរជាច្រើននាក់សើចសប្បាយ ហើយទិដ្ឋភាពសំណើចទាំងនោះក៏ពុំបានចាកឆ្ងាយពីចំណីចក្ខុប្រជាជនខ្មែរដែរ។ ជារឿយៗ វីដេអូសំណើចចាស់ៗ តែងត្រូវបានមហាជនយកមើលម្ដងហើយម្ដងទៀត ហើយអ្នកគាំទ្រទាំងនោះក៏នៅតែនឹករឮកលោកផងដែរ។
៥. នាយ ខាត់ ចំរើន
ងាកមកតារាកំប្លែងក្នុងត្រកូលខាត់វិញ គឺលោក ខាត់ ចំរើន ដោយរូបលោកក៏ជាសិល្បការផ្នែកបុរាណ និង កំប្លែងមួយរូបដែលល្បី និង តែងបាននាំសំណើចដល់មហាជនជាច្រើនឆ្នាំមកហើយ ប៉ុន្តែកាលពីព្រឹកថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២២ កន្លងទៅនេះលោកបានទទួលមរណភាព ចាកចោលអ្នកគាំទ្រ បន្ទាប់ពីធ្លាក់ខ្លួនឈឺធ្ងន់មួយរយៈ។ ការបាត់បងជីវិតរបស់តារាកំប្លែងរូបនេះ បានធ្វើអ្នកគាំទ្រមានការសោកស្តាយ និង នឹកស្រណោះអនុស្សាវរីយដែលធ្លាប់ផ្ទុះសំណើចជាមួយលោកមិនស្ទើរទេ។
៦. នាយ ក្ដិប
នៅថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២៣ កន្លងទៅនេះ តារាកំប្លែងជើងចាស់ នាយក្តិប ត្រូវបានក្រុមគ្រួសារជូនដំណឹងយ៉ាងរន្ធត់មួយ ដោយ នាយក្ដិប បានទទួលមរណភាពដោយសារជំងឺប្រចាំកាយ ក្រោយធ្លាក់ខ្លួនឈឺជាច្រើនឆ្នាំ។ ការបាត់បង់តារាកំប្លែងរូបនេះ ក៏បានធ្វើឱ្យមហាជនក្តុកក្តួលរំជួលចិត្តមិនតិចដែរ ព្រោះរូបលោកតែងបានបង្កសំណើចដល់មហាជនឱ្យសើចសប្បាយរំសាយទុក្ខ តាមរយៈការសម្តែងនានាកន្លងមក៕