(វីដេអូ) ទឹកចិត្តល្អតាំងពីក្មេង! ម៉ានីកា កាត់សក់ខ្លួនឯងអស់ពាក់កណ្តាល យកទៅបរិច្ចាគដល់អ្នកកើតជំងឺមហារីក
តារាសម្តែងវ័យក្មេង សរពេជ្ញ ម៉ានីកា ទើបតែមានវ័យ ១០ ឆ្នាំ តែនាងតូចទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ទស្សនិកជនជាមួយនឹងទេពកោសល្យសម្តែងក្នុងវិស័យខ្សែភាពយន្តខ្មែរជាច្រើនកន្លងមក ដូចជារឿង «នាឡិកាដាស់វិញ្ញាណ» និង រឿង «អ្នកម៉ាក់វ័យក្មេង» វគ្គ ១ និង វគ្គ ២ ជាដើម។
ដ្បិតថាអាយុនៅតិចក៏ពិតមែន តែកុមារី សរពេជ្ញ ម៉ានីកា មិនមែនមានទេពកោសល្យផ្នែកសិល្បៈក្នុងការសម្តែងនោះទេ តែនាងតូចអាចលេងហ្គីតា និង រាំរបាំបានទៀត។ លើសពីនោះ បើនិយាយពីការសិក្សាវិញ ម៉ានីកា ក៏ជាសិស្សពូកែ រៀនឆ្លាតវៃនៅក្នុងថ្នាក់ទៀតផង។
ជាការពិត មហាជននិយមតាមដានទស្សនា Vlog របស់ នាងតូច ម៉ានីកា ក៏ធ្លាប់បានលើកសរសើរពីអត្តចរិតសុភាពរាបសា គោរពចាស់ទុំ និង មានសន្តានចិត្តល្អរបស់តារាស្រីវ័យក្មេងរូបនេះជាច្រើនផងដែរ។
ជាក់ស្តែង ថ្មីៗនេះ ម៉ានីកា បានកាត់សក់វែងអន្លាយរបស់ខ្លួនដែលខំរក្សាទុកអស់ជាច្រើនឆ្នាំមកសល់ត្រឹមស្មា ដើម្បីយកសក់នោះទៅជួយដល់អ្នកជំងឺកំពុងតតាំងព្យាបាលជំងឺមហារីក។ ទង្វើដ៏ប្រពៃរបស់តារាស្រីវ័យ ១០ ឆ្នាំ ម៉ានីកា បានធ្វើឱ្យមហាជនប្រុសស្រីស្ញើចសរសើរពីសន្តានចិត្តរបស់នាងយ៉ាងខ្លាំង ដោយលើកឡើងថា ម៉ានីកា នៅតូចមែន ប៉ុន្តែមានផ្នត់គំនិតសន្តានចិត្តល្អខ្លាំងចេះជួយដល់អ្នកជុំវិញខ្លួន៕