ជំទាវ ហ៊ុន ស៊ីណាត ឆ្លើយតប ក្រោយ ឯម រៀម ថាបើលោកយ៉ាងម៉េចៗទៅ សូមឱ្យមានច្បាប់ចំពោះអ្នករិះគន់តាមអារម្មណ៍
ជុំវិញរឿងរ៉ាវឈុតរបស់អ្នកច្នៃម៉ូដ ឯម រៀម ដើរលើឆាក PMA 2023 កន្លងទៅ មកដល់ពេលនេះនៅពុំទាន់ស្ងប់ស្ងាត់នៅឡើយទេ ដោយនៅតែមានការបញ្ចេញមតិវែកញែកលើកឡើងរៀងៗខ្លួន ទាំងការរិះគន់ក្នុងន័យស្ថាបនា និង ការរិះគន់ក្នុងន័យមិនស្ថាបនាចំពោះអ្នកច្នៃម៉ូដរូបនេះ។
ជាក់ស្ដែង ខណៈបានឃើញអ្នករិះគន់មួយចំនួនបានបន្តការវែកញែករិះគន់ប្រើសម្ដីខ្លាំងៗចំពោះរូបលោកមិនឈប់ លោក ឯម រៀម ក៏បានបង្ហោះសារឆ្លើយតបជាថ្មីទៅកាន់អ្នករិះគន់ទាំងនោះ ដោយផ្ដាំទៅអ្នកគាំទ្ររបស់លោកថា បើសិនជានៅតែមានអ្នករិះគន់ក្នុងន័យគុំកួន និង ញុះញុង ថាមិនត្រូវលោកអាចបាក់ទឹកចិត្តរហូតគិតខ្លីទៀតផង។
លោក ឯម រៀម បានរៀបរាប់ថា ៖ «ខ្ញុំនៅតែឆ្ងល់ហេតុអ្វីតាមព្យាបាទអ្នកដែលគាំទ្រ និង ការពារខ្ញុំ នេះសបញ្ជាក់ថាមិនមែនរិះគន់ក្នុងន័យស្ថាបនាទេ គឺក្នុងន័យគុំកួន និង ញុះញុង ថាមិនត្រូវខ្ញុំអាចបាក់ទឹកចិត្ត ហើយគិតខ្លី ព្រោះការអត់ធ្មត់ និង ភាពរឹងមាំរបស់ខ្ញុំ គឺមានកម្រិត ថាមិនត្រូវខ្ញុំអាចគិតខ្លី ហើយសូមផ្តាំបងប្អូនថា បើខ្ញុំយ៉ាងណាគឺពួកគាត់នេះហើយ និង សូមឱ្យមានច្បាប់ចំពោះអ្នកដែលរិះគន់តាមអារម្មណ៍ ដោយគ្មានការសិក្សាពិចារណ»។
ក្រោយឃើញសារបង្ហោះរៀបរាប់របស់លោក ឯម រៀម អាចបាក់ទឹកចិត្តរហូតគិតខ្លីនោះហើយ ស្រាប់តែលោកជំទាវ ហ៊ុន ស៊ីណាត ក៏បានឆ្លើយតបវិញថា ៖ «អុញ! បងប្អូនកូនក្មួយជួយមើលស្ដេចម៉ូដប្ដឹងទុកហើយថា បើគាត់គិតខ្លីសូមផ្ដាំបងប្អូនថាគឺពួកអ្នករិះគន់គាត់នេះហើយឱ្យច្បាប់ចាត់ការអ្នកទាំងនេះ។ សូមប្រាប់ទៅលោក EM Riem ផងថា មួយប្រទេសគេបានរិះគន់លោក អ៊ីចឹងច្បាប់ចាប់មួយប្រទេសទៅ លើកលេងតែបុគ្គលគាំទ្រលោកចេញ។
ម្យ៉ាងទៀតមតិណាខ្លះ ដែលថាបុគ្គល ឯម រៀម ជាអ្នកច្នៃម៉ូដធ្វើឱ្យបរទេសស្គាល់ខ្មែរ? បើពិតជាអ៊ីចឹងមែន ក្រុមមនុស្សតែស្ករអស់នោះដូចជាប្រឹងលើកជើងយ៉ាងព្រហើនពេកហើយ រហូតដល់ភ្លេចមើលពីតម្លៃនៃមរតកវប្បធម៌ដ៏ល្អផូរផង់របស់ដូនតាដែលមានអង្គរវត្តជាប្រធាន ដែលជាដើមចមដើរតួនាទីយ៉ាងសំខាន់លើឆាកអន្តរជាតិ រហូតបរទេសភ្លូកទឹកភ្លូកដី បានជិះយន្តហោះមកជាន់ដីខ្មែរ ព្រោះតែអង្គរវត្ត ព្រោះតែខ្មែរមាន មរតកវប្បធម៌ ដ៏អស្ចារ្យដែលពិភពលោកគ្មាន។
កុំព្រោះតែភាពត្រេកត្រអាល រវើរវាយតាមអារម្មណ៍ ចរិតសន្ដានមួយជ្រុងរបស់ខ្លួនឯង បែរជាច្នៃម៉ូដឡប់ឡែមកបំពុលសង្គមខ្មែរ ជាបុគ្គលសាធារណៈ ត្រូវដើរតួជាអ្នកផ្សព្វផ្សាយ ដែលមានគុណភាព ផ្សាយអ្វីដែលខ្មែរមានពិតប្រាកដកុំផ្សាយអ្វីដែលចម្លងពីវប្បធម៌គេ មកអួតថាជាមោទកភាពរបស់ខ្មែរនោះ។ បើបងប្អូនគាំទ្រស្ដេចម៉ូដមេត្តាគិតតាមតែចិត្តអ្នកចុះ»៕