ណាន វីសារ តបយ៉ាងត្រជាក់ដល់អ្នករិះគន់រឿងលោកចូលចិត្តតោងកាលីបគេ និង ពូកែយកមុខ
នៅក្នុងព្រឹត្តិការណ៍នៃកម្មវិធីកម្រាលព្រំក្រហមរបស់ PMA 2023 បានទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីបណ្ដាទស្សនិកជននៅលើបណ្ដាញសង្គម ព្រោះថាកម្មវិធីមួយនេះ បានចូលរួមប្រជុំដោយកំពូលតារាល្បីៗលំដាប់ប្រទេសជាច្រើនរូប តុបតែងខ្លួនប្រជែងសម្រស់គ្នានៅថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២៣ កន្លងទៅ។
ក្នុងនោះ វត្តមានរបស់អតីតបេក្ខភាព Cambodian Idol រដូវកាលទី ៤ លោក ណាន វីសារ ក៏ត្រូវបានមហាជនមានការចាប់អារម្មណ៍ដូចគ្នាដែរ ដោយតារាប្រុសវ័យក្មេងរូបនេះបានបង្ហាញខ្លួនក្នុងឈុតពណ៌ខ្មៅ អាវធំខាងក្រៅពណ៌ស មានកាន់ឈើច្រត់ ព្រមទាំងបានរចនាដាក់រូបរបស់តារាចម្រៀងសំឡេងមាស លោកតា ស៊ីន សាមុត យ៉ាងធំនៅលើអាវធំរបស់លោកថែមទៀតផង។
ស្របពេលមានការចាប់អារម្មណ៍ និង សរសើរដល់លោក ណាន វីសារ ក៏មានមហាជនមួយចំនួនតូចបានចូលទៅបញ្ចេញមតិមិនល្អលោក ណាន វីសារ ដែរថាលោក «ជឿជាក់», «ចូលចិត្តតោងកាលីបគេ», «ពួកអាជោរយកមុខមាត់…» ជាដើម និង មានពាក្យមិនល្អជាច្រើនទៀត។
ភ្លាមនោះ ក្រោយពីឃើញការបញ្ចេញមតិមិនល្អហើយ លោក ណាន វីសារ ក៏ហាក់មិនប្រតិកម្មអ្វីខ្លាំងនោះដែរ ដោយតារាចម្រៀង និង តារាបង្ហាញម៉ូដដ៏ស្រស់សង្ហានេះ បានឆ្លើយតបយ៉ាងត្រជាក់ថា៖ «អរគុណអ្នករិះគន់»។ លើសពីនោះ អ្នកគាំទ្រលោក ណាន វីសារ ជាច្រើនក៏បានចូលទៅការពារលោក និង លើកទឹកចិត្តដល់លោកជាច្រើនផងដែរ៕