(វីដេអូ) កាន់តែក្តៅ! ឯម រៀម រលីងរលោងទឹកភ្នែកថាស្អែកនេះហើយ អារម្មណ៍មិននៅក្នុងខ្លួនទេ
ប៉ុន្មានថ្ងៃចុងក្រោយនេះ មហាជនអ្នកលេងបណ្តាញសង្គមច្បាស់ជាបានដឹងមកហើយពីរឿងរ៉ាវរបស់បណ្ឌិតច្នៃម៉ូដ លោក ឯម រៀម ក្នុងការបង្ហាញឈុតមួយលើកម្រាលព្រំក្រហមក្នុងកម្មវិធី PMA 2023 កន្លងទៅ។
ក្នុងនោះ អ្នកច្នៃម៉ូដបញ្ចប់ការសិក្សាពីប្រទេសបារាំង លោក ឯម រៀម ក៏ត្រូវបានមហាជនមួយចំនួនបានសរសើរ ហើយមួយចំនួនក៏ផ្ទុះប្រតិកម្មទៅលើការស្លៀកពាក់របស់លោក ដោយលើកឡើងថា «ហាក់មិនសមរម្យ» «ច្នៃទៅសិចស៊ីពិបាកទទួលយក» និង ខ្លះថា «ម៉ូដ Fashion បែបនេះ ប្រទេសកម្ពុជាហាក់មិនទាន់អាចទទួលយកបាននោះទេ ជាពិសេសគឺយកហូលផាមួងខ្មែរទៅច្នៃដូច្នេះ» ជាដើម។
លើសពីនោះ ក៏មានមហាជនគ្រប់ស្រទាប់ឋានៈ បានស្នើសុំស្ថាប័នក្រសួងពាក់ព័ន្ធចូលមកដោះស្រាយកែតម្រូវដល់សិល្បកររូបនេះថែមទៀតផង។
ងាកទៅលោក ឯម រៀម ឯនោះវិញ នៅថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២៣ នេះ លោកបានបង្ហោះវីដេអូបង្ហាញទឹកមុខក្រៀមក្រំ ហាក់រលីងរលោងទឹកភ្នែកបន្តិច ដោយមិនបាននិយាយអ្វីឡើយ ត្រឹមតែអមសារថា ៖ «ស្អែកហើយ! យ៉ាងទេណាទេខ្ញុំអើយ? ឥលូវអារម្មណ៍អត់នៅក្នុងខ្លួន។ សូមអរគុណដល់បងប្អូន ដែលបានផ្ញើសារលើកទឹកចិត្ត និង ការស្រឡាញ់គាំទ្រពីបងប្អូន»។
ក្រោយឃើញវីដេអូអមនឹងសារខាងលើ មហាជនជាច្រើនក៏បានជ្រាបថាលោក ឯម រៀម លើកឡើងដូច្នេះ ហាក់ចង់សំដៅថាថ្ងៃស្អែកលោកនឹងត្រៀមខ្លួនជួបនឹងស្ថាប័នពាក់ព័ន្ធ ជជែកពីរឿងឈុតរបស់លោកជាក់ជាមិនខាន៕