(វីដេអូ) ឧកញ៉ា ប៊ុន រតនា ថាការផឹកស៊ីស្រីញីមិនមែនជាក្តីសុខលោកទេ តែជាស្នាមញញឹមរបស់មនុស្សពិសេស
បើគិតមកដល់ឆ្នាំ ២០២៣ នេះ រយៈពេលប្រមាណជិត ៤ ឆ្នាំហើយ ដែលអតីតអ្នកដឹកនាំល្បីឧកញ៉ា ប៊ុន រតនា និង អតីតតារាស្រី លី ឈី បានសាងចំណងអាពាហ៍ពិពាហ៍នឹងគ្នា ដោយទទួលបានកាដូកូនស្រី ១ រូប និង កូនប្រុស ១ រូប។
ក្រោយពីបានចាប់ដៃគ្នាសាងចំណង ៥ ប្រការ ឧកញ៉ា ប៊ុន រតនា និង ជំទាវ លី ឈី ក៏ត្រូវបានមហាជនចាប់ក្រសែភ្នែកមើលពីជីវិតឯកជនរបស់អតីតអ្នកសិល្បៈ ២ រូបនេះ ដោយសព្វថ្ងៃកាន់តែរស់នៅក្នុងជីវិតយ៉ាងអភិជន បង្កើតសុភមង្គលក្នុងគ្រួសារ ព្រមទាំងមានជំនួយពេញៗដៃទាំងស្វាមី និង ភរិយាថែមទៀតផង។
បើនិយាយពីអតីតតារាស្រី លី ឈី ដែលកំពុងស្ពាយងារជាជំទាវវិញនោះ ក៏កំពុងត្រូវបាននារីមួយចំនួនលួចច្រណែន ដោយម្នាក់ៗលើកឡើងថា ជំទាវ លីឈី ពិតជានារីមានសំណាងមានស្វាមីស្រឡាញ់យកចិត្តទុកដាក់ រ៉ាប់រងការងារស្រាលធ្ងន់ចំពោះភរិយា និង កូនៗ។
ជាក់ស្តែង ថ្មីៗឧកញ៉ា ប៊ុន រតនា ជាស្វាមីជំទាវ លី ឈី បានបង្ហោះសារអមវីដេអូគ្រួសារតូចយ៉ាងមានអត្ថន័យធ្វើឱ្យមហាជនសរសើរ និង ពោលថា ឧកញ៉ា ប៊ុន រតនា ពិតជាប្តីដែលនារីៗប្រាថ្នាចង់បានមែន ក៏ព្រោះតែលោកយកភរិយា និង កូនៗជាចម្បង ដើម្បីក្តីសុខរបស់ខ្លួនជានិច្ច។
សារនោះ ឧកញ៉ា ប៊ុន រតនា រៀបរាប់ថា ៖ «ក្តីសុខរបស់ខ្ញុំ! មិនមែនការសប្បាយ មិនមែនការផឹកស៊ី ស្រីញី អូនបង ប៉ុន្តែគឺជាស្នាមញញឹមរបស់មនុស្សដែលខ្ញុំគោរពស្រឡាញ់»៕