មកដឹងពីប្រវត្តិខ្លះៗរបស់លោក ឯម រៀម បញ្ចប់ថ្នាក់បណ្ឌិតច្នៃម៉ូដមកពីប្រទេសបារាំង
កន្លងមកមហាជនអ្នកគាំទ្រវិស័យ Fashion ច្បាស់ជាបានស្គាល់មកហើយ លោក ឯម រៀម ដែលមានឈ្មោះល្បីរន្ទឺលើវិស័យម៉ូដ ដោយលោក គឺជាគ្រូបង្រៀនផ្នែក Cat Walk ផង និង ជាច្នៃម៉ូដ និយមបង្ហាញខ្លួនក្នុងឈុត Fashion ប្លែកៗផង។
ថ្មីៗនេះ លោក ឯម រៀម ក៏កំពុងត្រូវបានមហាជនចាប់ក្រសែភ្នែកទៅលោកកាន់តែខ្លាំងឡើង ក្រោយពីលោកបានបង្ហាញវត្តមានលើកម្រាលព្រំ PMA 2023 ក្នុងឈុត Fashion មួយ ដែលទទួលទាំងបានការចាប់អារម្មណ៍ សរសើរ និង មានការរិះគន់ស្របគ្នាដែរ។
ជឿជាក់ថា មានមហាជនមួយចំនួនច្បាស់ជាបានជ្រាប ហើយខ្លះក៏ចង់ដឹងពីប្រវត្តិខ្លះៗរបស់លោក ឯម រៀម ដែរ ថាតើលោកបានបញ្ចប់ការសិក្សាពីណា មានអាជីពអ្វី ទើបលោក ឯម រៀម រមែងបង្ហាញខ្លួនក្នុងឈុតប្លែកៗយ៉ាងដូច្នេះ?
វិលត្រលប់កាលពីអំឡុងឆ្នាំ ១៩៩៤ លោក ឯម រៀម គឺជានិស្សិតនៅសាកលវិទ្យាល័យវិចិត្រសិល្បៈ ផ្នែកសូនរូប និង បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកគំនូរផ្សាយ ឬ Graphic Design ក្នុងឆ្នាំ ២០០០។
ក្រោយបញ្ចប់ថ្នាក់បរិញ្ញាបត្រនៅកម្ពុជាអំឡុងឆ្នាំ ២០០០ លោក ឯម រៀម ក៏ទទួលបានអាហាររូបករណ៍សិក្សាផ្នែកគំនូរទំនើប រួមមានផ្នែកគ្រឿងសង្ហារឹម និង ច្នៃម៉ូដផង នៅបារាំងប្រទេសបារាំងរយៈ ៧ ឆ្នាំ។ នៅប្រទេសបារាំង លោកបានសិក្សាបរិញ្ញាបត្រ ៤ ឆ្នាំ និង បណ្ឌិត ១ ឆ្នាំ។
ត្រឡប់មកកម្ពុជា បន្ទាប់ពីបញ្ចប់ថ្នាក់បណ្ឌិតច្នៃម៉ូដមកពីប្រទេសបារាំង លោក ឯម រៀម មិនត្រឹមតែក្លាយទៅជាអ្នកច្នៃម៉ូដល្បីឈ្មោះនោះឡើយ លោកក៏ក្លាយទៅជាគ្រូបង្ហាត់ដើរបង្ហាញម៉ូដដូចគ្នាដែរ។ ក្នុងនោះលោក ឯម រៀម បានបញ្ចេញស្នាដៃជាច្រើនក្នុងការច្នៃម៉ូដសម្លៀកបំពាក់បែបសម័យផង និង បុរាណ ព្រមទាំងបានផ្តល់ចំណេះផ្នែកដើរម៉ូដដល់តារាបង្ហាញម៉ូដជាច្រើនទៀត។ គ្រូបង្វឹកម៉ូដរូបនេះ ក៏មានស្ទីលនៃការតុបតែងខ្លួនបែបច្នៃប្រឌិត ដោយជារឿយៗលោកតែងជ្រើសរើសការតុបតែង Fashion ក្នុងឈុតជានារី ព្រមទាំងពាក់ស្បែកជើងកែងខ្ពស់ៗ៕