ប៊ុត សីហា ថាពេលធ្លាក់ដល់សូន្យ ពេលខ្លះសឹងខ្ជិលរស់វាហត់នឿយ ព្រោះអ្នកចាំតែទើសមានច្រើន
ប្រិយមិត្តអ្នកគាំទ្រវិស័យសិល្បៈប្រាកដជាបានជ្រាបច្បាស់ តារាចម្រៀង ប៊ុត សីហា បានក្លាយជាម្ចាស់ពានរង្វាន់កម្មវិធីប្រឡងចម្រៀងដ៏ធំ The Voice Cambodia រដូវកាលទី ១ ដែលទទួលបានការស្រឡាញ់គាំទ្រច្រើនភ្លូកទឹកភ្លូកដីពីបណ្ដាទស្សនិកជនគ្រប់ស្រទាប់នៅអំឡុងឆ្នាំ ២០១៤។
ខណៈរះលើវិថីសិល្បៈតែប៉ុន្មានឆ្នាំ ប៊ុត សីហា បានបាត់បង់ប្រជាប្រិយភាពស្ទើរអស់ដោយសារទម្ងន់នៃរឿងអាស្រូវបទល្មើសគ្រឿងញៀន ធ្វើឱ្យជោគវាសនាដែលកំពុងឡើងកូដលើវិថីអ្នកសិល្បៈរបស់លោក បានធ្លាក់ចុះសឹងតែដល់ចំណុចសូន្យ ដោយគ្មានវត្តមានលើទីផ្សារងារការសិល្បៈតទៅទៀត សំងំរស់នៅឃ្លាតពីសិល្បៈមួយធំ។
ក្រោយមក ប៊ុត សីហា ក៏បានប្រកាសខ្លួនចូលសិល្បៈបម្រើអារម្មណ៍ទស្សនិកជនឡើងវិញ ដើម្បីទាញយកប្រជាប្រិយភាពកាលពីមុនមកវិញបានខ្លះ ប៉ុន្ដែកាលចូលសិល្បៈរបស់តារាចម្រៀងប្រុសរូបនេះ នៅតែលឹបលៗ ចំណែកឯសន្ទុះនៃការគាំទ្រ ក៏មិនសូវបានផុសផុលដូចកាលពីមុនទៀតដែរ។
ទំនងជាអស់សង្ឃឹមនឹងរះខ្ពស់លើវិថីសិល្បៈម្ដងទៀត ថ្មីៗនេះ ប៊ុត សីហា បានប្រើពាក្យចាក់ដោតបង្ហោះលើហ្វេសប៊ុកថា ៖ «ចំណុចយើងខ្លះធ្លាក់ដល់សូន្យ ពេលខ្លះសឹងថាខ្ជិលរស់វាហត់នឿយ អ្នកចាំតែទើសវាច្រើន បើជាយើងគេនឹងដឹង តារាចម្រៀងណាដែលមិនចង់បានការគាំទ្រ ចង់ណាស់អ្នកណាមិនចង់ល្បី ចង់ណាស់ តែពេលខ្លះធ្វើម៉េចបើជីវិតវាកំណត់ចឹង ចង់ប្រកែកក៏មិនបាន ប្រហែលដល់សូន្យទៀត ខ្ជិលរស់តែម្តងកុំឱ្យចង្រៃគេ»៕