ផ្ទុះការរិះគន់ព្រាត ក្រោយឃើញពានរង្វាន់ MAMA របស់ក្រុម B.A.P ត្រូវបានដាក់លក់នៅហាងជជុះមួយនៅហ្វីលីពីន
ថ្មីៗនេះ វីដេអូមួយត្រូវបានរីករាលដាលពាសពេញបណ្ដាញសង្គម TikTok បានធ្វើឱ្យបណ្ដាមហាជន ជាពិសេសអ្នកគាំទ្រវិស័យ K-POP ជាច្រើនមានការភ្ញាក់ផ្អើល និង ខឹងសម្បាជាខ្លាំង ក្រោយឃើញពានរង្វាន់ «Mnet PD’s Choice Award» របស់ក្រុមចម្រៀងបុរស B.A.P ដែលពួកគេទទួលបានជាលើកដំបូង កាលពីឆ្នាំ ២០១២ ត្រូវបានដាក់លក់នៅឯហាងជជុះមួយកន្លែង នៅឯប្រទេសហ្វីលីពីន។
ក្នុងវីដេអូនោះ ត្រូវបានអ្នកចែកចាយផ្ទាល់បានលើកឡើងថា ៖ «ម៉ាក់របស់នាងបានទិញវាកាលពីឆ្នាំ ២០២០ ហើយពេលនោះគឺនាងមិនទាន់ស្គាល់អ្វីជា K-POP ឬក៏ក្លាយខ្លួនជាអ្នកគាំទ្រ K-POP នៅឡើយទេ។ នៅពេលនេះ ទើបនាងស្គាល់ថាវាជាអ្វី ហើយធ្វើឱ្យនាងពិតជាមានការភ្ញាក់ផ្អើលជាខ្លាំង»។
បន្ទាប់ពីវីដេអូនេះត្រូវបានចែកចាយមក អ្នកគាំទ្រជាច្រើនបានផ្ទុះការមិនពេញចិត្ត ហើយចោទជាសំណួរថា ហេតុអ្វីបានជាពានរង្វាន់មួយដែលទទួលបានដំបូងក្នុងឆ្នាំ Debut ប៉ុន្តែត្រូវបានគេប្រទះឃើញនៅឯហាងជជុះទៅវិញ? ហើយក៏មានអ្នកគាំទ្រជាច្រើនបានទម្លាក់កំហុស ព្រមទាំងស្ដីបន្ទោសទៅដល់អតីតក្រុមហ៊ុន TS Entertainment ដែលជាផលិតកម្មរបស់ B.A.P ធ្លាប់ជ្រកកោន។
ជាមួយគ្នានោះ ម្ចាស់គណនី TikTok ដែលជាម្ចាស់ពានរង្វាន់ឥឡូវនេះ បានផ្ញើសារមកកាន់អ្នកគាំទ្រ B.A.P ថា ៖ «កុំបារម្ភអី! ពានរង្វាន់មួយនេះគឺនាងបាន និង កំពុងតែរក្សាវាយ៉ាងល្អហើយ»៕