Fan Bingbing ទម្លាយរឿងបាត់មុខពីសិល្បៈជាង ៥ឆ្នាំ ក្រោយបង្ហាញខ្លួននៅ Berlin Film Festival
កាលពីពេលថ្មីៗនេះ តារាសម្ដែងស្រីរបស់ចិន Fan Bingbing បានមានវត្តមានចូលរួមក្នុងមហោស្រពភាពយន្ត Berlin លើកទី ៧៣ ក្នុងប្រទេសអាល្លឺម៉ង់។ ក្នុងនោះដែរ ក្រោយពីបាត់មុខពីវិស័យសិល្បៈជាង ៥ឆ្នាំ តារាស្រីរូបនេះ បានផ្តល់បទសម្ភាសដោយបើកចំហទៅកាន់សារព័ត៌មានថា ក្នុងរយៈពេល ៥ឆ្នាំ មកនេះគឺនាងសំងំរស់នៅតែក្នុងផ្ទះ ហើយបានរៀនសូត្រអំពីបញ្ហាជាច្រើនដែលកើតឡើងលើនាងកន្លងមក។
សូមរំឭកផងដែរថា តារាសម្ដែងស្រីកំពូលសម្រស់របស់ចិនរូបនេះ បានបាត់មុខពីវិស័យសិល្បៈតាំងពីឆ្នាំ ២០១៨ បន្ទាប់ពីនាងត្រូវបានគេចោទប្រកាន់ពីបទគេចពន្ធលើប្រាក់ចំណូលក្នុងទឹកប្រាក់ប្រមាណជា ១២៧ ៨២៦ ៥១៤ ដុល្លារអាមេរិក ហើយអំឡុងពេលនោះ ក្រុមអ្នកគាំទ្ររបស់នាងមានការព្រួយបារម្ភ និង ចង់ដឹងជាខ្លាំងថា Fan Bingbing បាត់ខ្លួនទៅទីណា។
ប៉ុន្តែរហូតមកដល់ពេលនេះ Fan Bingbing បានចេញមុខផ្តល់បទសម្ភាសផ្ទាល់ក្នុងសន្និសិទកាសែត ដោយនិយាយថា៖ «រយៈពេលជាង ៥ឆ្នាំមកនេះ គឺខ្ញុំសុខសប្បាយធម្មតាទេ ហើយសំងំនៅតែក្នុងផ្ទះ ដោយបានធ្វើរឿងជាច្រើនក្នុងគ្រាលំបាកនោះ ប៉ុន្តែឥឡូវនេះ អ្វីៗគ្រប់យ៉ាងត្រឡប់មកដូចដើមវិញហើយ គ្រប់យ៉ាងនឹងរលូនដូចមុន»។
ទោះជាយ៉ាងណា តារាស្រីរូបនេះក៏មិនភ្លេចអរគុណដល់ក្រុមអ្នកគាំទ្រ និង មិត្តភក្តិរបស់នាងផងដែរ ដោយពួកគេបានផ្តល់ជាកម្លាំងចិត្ត និង តែងតែចង់ដឹងពីសុខទុក្ខរបស់នាងកន្លងមក៕