ស្រណោះណាស់! កូនៗរបស់ Abby Choi រត់ស្រែកយំកាត់បន្ទប់ម្ដាយ ក្រោយពីដឹងដំណឹងឃា..តក.ម្ម
ករណីឃាតកម្មលើតារាបង្ហាញម៉ូដហុងកុង Abby Choi បានក្លាយជាព័ត៌មានដែលកក្រើកទូទាំងអាស៊ី ដោយជនសង្ស័យទាំង ៤ គឺជាគ្រួសារអតីតស្វាមីរបស់នាងដែលបានកលល្បិចដ៏សាហាវឃោឃៅក្នុងការបំបែកនៃរាងកាយទាំងមូល ធ្វើឱ្យមហាជនមានការខឹងសម្បាយ៉ាងខ្លាំងលើករណីនេះ។
ទោះជាយ៉ាងណា មកទល់នឹងពេលនេះ ការស្វែងរកបំណែកនៃរាងកាយរបស់ Abby ដែលនៅសេសសល់ មានដូចជា ដងខ្លួន និង ដៃ របស់នាងនៅតែមិនអាចរកឃើញនោះទេ។
នេះបើយោងតាមការចុះផ្សាយរបស់ Orange News បានឱ្យដឹងថា ការស្វែងរកបំណែកនៃរាងកាយរបស់ជនរងគ្រោះនៅទីលានចាក់សំរាម Ta Kwu Ling បានបញ្ចប់ហើយ។ ក្រោយការចុះឆែកឆេរក្នុងតំបន់នេះអស់រយៈពេល ៣ ថ្ងៃជាប់គ្នា ហើយក្រុមជំនាញរុករកនៅតែមិនអាចរកឃើញភស្តុតាងពាក់ព័ន្ធនឹងករណីនេះឡើយ។
ថ្វីត្បិតថា បំណែកនៃរាងកាយដែលនៅសេសសល់របស់ Abby មិនត្រូវបានរកឃើញក៏ដោយ ប៉ុន្តែក្រុមជំនាញស៊ើបអង្កេត ក៏បានទទួលភស្តុតាងសំខាន់ដ៏មានប្រសិទ្ធភាព ដើម្បីបន្តការស៊ើបអង្កេតករណីនេះ ដោយបច្ចុប្បន្នប៉ូលិសកំពុងប្រមូលភស្តុតាងបន្ថែមដើម្បីផ្តន្ទាទោសជនល្មើសទៅតាមច្បាប់។
យ៉ាងណាមិញ ក្រោយពីបានទទួលដំណឹងទាំងនេះពីប៉ូលិស មិត្តភក្តិរបស់តារាបង្ហាញម៉ូដរូបនេះ បានផ្តល់បទសម្ភាសជាមួយនឹងសារព័ត៌មានដោយបង្ហើបអំពីប្រតិកម្មរបស់កូនៗរបស់ Abby Choi នៅពេលដែលពួកគេបានដឹងថាម្ដាយរបស់ខ្លួន ត្រូវបានគេធ្វើឃាត។
ដូចដែលធ្លាប់បានចុះផ្សាយពីមុន Abby Choi មានកូនចំនួន ៤នាក់ ដោយកូន ២នាក់របស់នាងគឺជាកូនជាមួយនឹងអតីតស្វាមី ហើយកូន ២នាក់ទៀត គឺជាកូនជាមួយនឹងប្តីបច្ចុប្បន្ន។ ដោយកូនប្រុសច្បង អាយុ ១០ឆ្នាំ និង កូនស្រីទី ២ អាយុ ៨ ឆ្នាំ ពួកគេបានដឹងអំពីរឿងឃាតកម្មដែលកើតឡើងលើម្ដាយរបស់ខ្លួន បន្ទាប់ពីបានមើលឃើញព័ត៌មាន និង មិត្តរួមថ្នាក់របស់ពួកគេបានលើកយករឿងឃាតកម្មរបស់ម្តាយយកមកនិយាយពេញថ្នាក់រៀន។
ក្នុងនោះដែរ មិត្តភក្តិរបស់ Abby បាននិយាយថា៖ «ពេលនេះក្មេងៗមានការក្រៀមក្រំ និង ខូចចិត្តខ្លាំង ហើយពួកគេបានរត់ស្រែកយំនៅពេលដែលពួកគេដើរកាត់បន្ទប់ម្ដាយ។ ចំណែកឯកូន ២នាក់ទៀត ទើបតែអាយុ ៦ ឆ្នាំ និង ៣ឆ្នាំប៉ុណ្ណោះ ហើយពួកគេមិនទាន់ដឹងរឿងនេះទេ ដោយសារតែក្រុមគ្រួសារពួកគេបានលាក់ ដោយគ្រាន់តែប្រាប់ថា ម្ដាយទៅធ្វើការនៅឆ្ងាយ»៕