គ្រួសារ និង កូនៗ Abby Choi រងការឈឺចាប់ខ្លាំង ពេលរកមិនឃើញបំណែកខ្លួននៅសេសសល់
ច្រើនថ្ងៃមកនេះ ករណីឃាតកម្មលើតារាបង្ហាញម៉ូដហុងកុង Abby Choi បានក្លាយជាព័ត៌មានដែលកក្រើកទូទាំងអាស៊ី ដោយជនសង្ស័យទាំង ៤ គឺជាគ្រួសារអតីតស្វាមីរបស់នាងដែលបានកលល្បិចដ៏សាហាវឃោឃៅក្នុងការបំបែកនៃរាងកាយទាំងមូល ធ្វើឱ្យមហាជនមានការខឹងសម្បាយ៉ាងខ្លាំងលើករណីនេះ។
ទោះជាយ៉ាងណា មកទល់នឹងពេលនេះ ការស្វែងរកបំណែកនៃរាងកាយរបស់ Abby ដែលនៅសេសសល់ មានដូចជា ដងខ្លួន និង ដៃ របស់នាងនៅតែរកមិនឃើញនៅឡើយទេ។
នេះបើយោងតាមការចុះផ្សាយរបស់ Orange News បានឱ្យដឹងថា ការស្វែងរកបំណែកនៃរាងកាយរបស់ជនរងគ្រោះនៅទីលានចាក់សំរាម Ta Kwu Ling បានបញ្ចប់ហើយ។ ក្រោយការចុះឆែកឆេរក្នុងតំបន់នេះអស់រយៈពេល ៣ ថ្ងៃជាប់គ្នា ហើយក្រុមជំនាញរុករកនៅតែមិនអាចរកឃើញភស្តុតាងពាក់ព័ន្ធនឹងករណីនេះឡើយ។
ក្នុងនោះ ប្រធានការិយាល័យឧក្រិដ្ឋកម្មក្នុងតំបន់ West Kowloon បាននិយាយថា៖ «សំរាមនៅទីលានចាក់សំរាមមានចំនួន ៤០០០ តោន ដូច្នេះវាពិបាកណាស់ក្នុងការស្វែងរកថង់សំរាម ២ ឬ ៣ ថង់ដែលទាក់ទងនឹងករណីនេះ ហើយការស្វែងរកនេះ គឺដូចជាការរាវម្ជុលក្នុងបាតសមុទ្រ»។
យ៉ាងណាមិញ បន្ទាប់ពីប៉ូលិសបានជូនដំណឹងនេះដល់ក្រុមគ្រួសាររបស់ Abby ពួកគាត់មានការឈឺចាប់ខ្លោចចិត្តជាខ្លាំងដែលបានដឹងថា បំណែកនៃរាងកាយរបស់នាងមិនអាចរកឃើញ ប៉ុន្តែទោះជាយ៉ាងណា ក្រុមគ្រួសាររបស់នាង ក៏មិនភ្លេចគុណដល់កម្លាំងរុករក និង ថ្លែងអំណរគុណដល់ប៉ូលិសចំពោះការខិតខំប្រឹងប្រែងរបស់កងកម្លាំងទាំងអស់។
ថ្វីត្បិតថាបំណែកនៃរាងកាយដែលនៅសេសសល់របស់ Abby មិនត្រូវបានរកឃើញក៏ដោយ ប៉ុន្តែក្រុមជំនាញស៊ើបអង្កេត ក៏បានទទួលភស្តុតាងសំខាន់ដ៏មានប្រសិទ្ធភាព ដើម្បីបន្តការស៊ើបអង្កេតករណីនេះ ដោយបច្ចុប្បន្នប៉ូលិសកំពុងប្រមូលភស្តុតាងបន្ថែមដើម្បីផ្តន្ទាទោសជនល្មើសទៅតាមច្បាប់៕