មកទល់ពេលនេះ ប៉ូលិសមិនទាន់រកឃើញ ដងខ្លួន និង ដៃ របស់ Abby Choi ដើម្បីបញ្ជាក់សំណុំរឿងទេ
កន្លងទៅអស់មួយសប្ដាហ៍ហើយ ករណីតារាបង្ហាញម៉ូដហុងកុង Abby Choi ដែលត្រូវបានក្រុមគ្រួសារអតីតស្វាមីរបស់នាង បានរួមគំនិតគ្នាធ្វើឃាតចំពោះរូបនាង នៅតែដក់ជាប់ក្នុងចិត្តមហាជនរង់ចាំតាមដានព័ត៌មានលម្អិតក្នុងករណីនេះជាបន្តបន្ទាប់។
ដោយសារតែកលល្បិចដ៏សាហាវរបស់ជនសង្ស័យទាំង ៤ នាក់ ដែលបានធ្វើអំពើឃោឃៅមកលើ Abby ហើយបន្តលាក់បាំងមិនព្រមផ្តល់ចម្លើយដល់ក្រុមប៉ូលិសអំពីបំណែកនៃរាងកាយនៅសេសសល់ ដូចជា ដងខ្លួន និង ដៃ របស់នាង។ បើទោះបីជាពេលនេះ ក្រុមប៉ូលិសជំនាញបានកំពុងរុករកនៅទីលានចាក់សំរាមដែលមានទំហំប៉ុនទីលានបាល់ទាត់ហើយក៏ដោយ ប៉ុន្តែនៅតែមិនអាចរកឃើញបំណែកនៃរាងកាយរបស់នាងដែលត្រូវបានគេយកទៅបោះចោលនោះទេ។
យ៉ាងណាមិញ មកទល់ពេលនេះបើយោងតាមការចុះផ្សាយរបស់ Orange News នៅថ្ងៃទី ០៣ ខែមីនា ឆ្នាំ ២០២៣ បានឱ្យដឹងថា ប៉ូលិសស៊ើបអង្កេតហុងកុង បានផ្អាកការរុករកបំណែកនៃរាងកាយនៅសេសសល់របស់ Abby Choi ហើយ។ ដោយប្រធាននាយកដ្ឋានឧក្រិដ្ឋកម្ម បាននិយាយថា ក្រុមជំនាញស្វែងរកបានរុករកបំណែកនៃរាងកាយ និង ភស្តុតាងក្នុងកន្លែងចាក់សំរាមអស់រយៈពេល ៣ថ្ងៃជាប់ៗគ្នា ប៉ុន្តែនៅតែមិនអាចរកឃើញអ្វីជាដុំកំភួននោះទេ។
បន្ថែមនេះ ក្រុមប៉ូលិសក៏បានប្រើដ្រូន ដើម្បីបង្ហោះតាមមើលស្ថានភាពពីទីតាំងកន្លែងចាក់សំរាមនោះដែរ ប៉ុន្តែការងាររុករកនេះគឺដូចជា «រាវម្ជុលក្នុងបាតសមុទ្រ»។ ក្នុងនោះដែរ ប្រធាននាយកដ្ឋានឧក្រិដ្ឋកម្ម ក៏បានផ្តល់ព័ត៌មាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយថា៖ «បើទោះជាផ្នែកនៃរាងកាយរបស់ Abby មិនទាន់រកឃើញក៏ដោយ ប៉ុន្តែប៉ូលិសក៏នៅមានភស្តុតាងសំខាន់ ដែលអាចបន្តស៊ើបអង្កេតក្នុងករណីនេះដែរ»៕