ទ្រាំនឹងពាក្យចចាមអារ៉ាម សំងំលាក់ខ្លួនពពោះលែងបាន Dilraba ចេញមុខទម្លាយការពិត
កាលពីប៉ុន្មានខែមុន លេចឮពាក្យចចាមអារ៉ាមទាក់ទងនឹងតារាសម្ដែងស្រីរបស់ចិន Dilraba Dilmurat ដែលគេនិយាយថា នាងកំពុងសំងំលាក់ខ្លួនពពោះនឹងត្រៀមចេញទៅសម្រាលកូននៅក្រៅប្រទេស។
លើសពីនេះ ក្រោយពីអវត្តមានអស់រយៈពេលយូរ ដោយមិនឃើញចេញមុខទទួលថតសម្ដែងក្នុងរឿងភាគថ្មី និងមិនសូវបង្ហាញខ្លួនចូលរួមក្នុងព្រឹត្តិការណ៍ជាង ៨ ខែ ស្រាប់តែ ពាក្យចចាមអារ៉ាមទាំងនោះ កាន់តែរីកសាយភាយខ្លាំងឡើងរហូតដល់ព័ត៌មានមួយនេះបានប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ និង បំពានសិទ្ធិឯកជនរបស់តារាស្រីរូបនេះយ៉ាងធ្ងន់ធ្ងរ។
ទោះជាយ៉ាងណា កាលពីដើមខែមីនា ឆ្នាំ ២០២៣ តារាសម្ដែងស្រីប្រជាប្រិយភាពរូបនេះ បានបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ដើម្បីផ្សាយពាណិជ្ជកម្ម ហើយឆ្លៀតក្នុងឱកាសនោះ Dilraba បាននិយាយអំពីមូលហេតុដែលនាងបានបាត់មុខពីសកម្មភាពក្នុងសិល្បៈមួយរយៈ និងសុំឱ្យអ្នកគាំទ្រទុកចិត្តលើនាង ដោយសារតែការហត់នឿយពីការងារច្រើននាពេលកន្លងមក និងកាលវិភាគដ៏មមាញឹកទើបធ្វើឱ្យនាងមិនបានចំណាយពេលផ្ទាល់សម្រាប់ខ្លួនឯង។
ក្នុងនោះដែរ តារាស្រីរូបនេះ បាននិយាយថា៖ «ជាង ៦ ឆ្នាំមកហើយដែលខ្ញុំសកម្មក្នុងសិល្បៈមិនឈប់ ទើបខ្ញុំមានអារម្មណ៍ថាអស់កម្លាំងហើយចង់មានពេលវេលាខ្លះដើម្បីសម្រាក»។ ទោះជាយ៉ាងណា ការនិយាយក្នុងព្រឹត្តិការណ៍នេះ គឺ Dilraba ចង់បដិសេធពាក្យចចាមអារ៉ាមដែលថា នាងបានលាក់ខ្លួនដោយសារតែមានផ្ទៃពោះ៕