ជើងខ្លាំង ៥ ដួង ប្រចាំផលិតកម្មបារមី មានសមត្ថភាពខ្ពស់ និង តស៊ូខ្លាំង ទម្រាំសាងកេរ្តិ៍ឈ្មោះល្បី
Baramey គឺជាក្រុមហ៊ុនដែលមានសក្តានុពលក្នុងការបណ្ដុះបណ្ដាលតារាចម្រៀង Original មួយនៅក្នុងប្រទេសកម្ពុជា ដែលបានបង្កើតឡើងដោយ កញ្ញា ឡូរ៉ា ម៉ម។ បើតាមគេហទំព័រផ្លូវការរបស់ Baramey សព្វថ្ងៃនេះផលិតកម្មនេះមានសិល្បករប្រចាំចំនួន ៦ នាក់ ក្នុងនោះមានដូចជា កញ្ញា ឡូរ៉ាម៉ម លោក វណ្ណដា កញ្ញា Sophia លោក វណ្ណថាន ក្រុម POLARIX។ យ៉ាងណាមិញ ថ្ងៃនេះ «ប្រជាប្រិយ» នឹងលើកយកប្រវត្តិ និង សមិទ្ធផលការងារត្រួសៗរបស់សិល្បៈករ ៥ រូបក្នុងផលិតកម្មបារមីដើម្បីចែកជូនដើម្បីឱ្យអ្នកតាមដានបានដឹង ៖
១. លោក ម៉ាន់ វណ្ណដា
វណ្ណដា បានកើតក្នុងគ្រួសារមួយ ដែលប្រកបមុខរបរកោសដូង ដើម្បីចិញ្ចឹមជីវភាពប្រចាំថ្ងៃ។ លោកបានចាប់ផ្ដើមដើរលើវិថីសិល្បៈតន្រ្តី ក្នុងអំឡុងឆ្នាំ ២០១៦ មកម្ល៉េះ ពោលគឺចាប់តាំងពីលោករៀននៅថ្នាក់វិទ្យាល័យ។ ការចាប់ផ្ដើមអាជីពជាតារាចម្រៀងដំបូង វណ្ណដា បានស្វ័យសិក្សាផ្នែកចម្រៀង និង និពន្ធបទភ្លេង hip-hop តាមរយៈ YouTube ដោយខ្លួនឯង។ ដោយសារតែចិត្តស្រឡាញ់ និង មានមហិច្ឆតាខ្ពស់ជាមួយនឹងផ្នែកតន្រ្តីខ្លាំងពេក វណ្ណដា បានសម្រេចចិត្តចាកចេញ ពីគ្រួសារ ពីស្រុកកំណើត មកភ្នំពេញដើម្បីដេញតាមក្ដីស្រមៃរបស់ខ្លួន ដោយកាលនោះលោកបានធ្វើដំណើរមក ដោយភ្ជាប់ជាមួយនឹងលុយតាមខ្លួនត្រឹម ១០០ ដុល្លារប៉ុណ្ណោះ។
ប្រជាប្រិយភាពរបស់ វណ្ណដាបានធ្វើឱ្យគេស្គាល់ថែមមួយកម្រិតទៀត នៅក្នុងឆ្នាំ ២០១៧ និង ២០១៨ ជាមួយនឹង បទចម្រៀងដែលមានចំណងជើងថា «ឈឺទេ» និង បទចម្រៀងដែលមានចំណងជើងថា «ចាប់ផ្ដើម និង បញ្ចប់»។ ដោយសារតែមើលឃើញពីទេពកោសល្យដ៏កម្ររបស់ វណ្ណដា ក្នុងឆ្នាំ ២០១៩ លោកក៏មានឱកាសបានចុះជាតារាកុងត្រា ជាមួយនឹងផលិតកម្ម បារមី។ ចាប់ពីពេលនោះមក ប្រជាប្រិយភាពរបស់ វណ្ណដា កាន់តែហក់ស្ទុះខ្លាំងស្ទើរមិនគួរឱ្យជឿ ពោលគឺមិនត្រឹមតែមានប្រជាប្រិយភាពនៅក្នុងស្រុកទេ ថែមទាំងមានបណ្ដាអ្នកគាំទ្រ ព្រមទាំងទទួលស្គាល់ពីសមត្ថភាពរបស់លោក នៅលើទីផ្សារអន្ដរជាតិមួយចំនួនផងដែរ។ ដោយកាលពីឆ្នាំ២០២២ កន្លងទៅនេះ លោកបានឡើងសម្តែងនៅមហោស្រពតន្ត្រីធំៗជាហូរហែរ ដូចជាប្រទេសសឹង្ហបុរី និង ប្រទេសថៃជាដើម។ល។ មិនតែប៉ុណ្ណោះ វណ្ណដា ត្រៀមនឹងចូលរួមសម្តែងនៅលើឆាក Rolling Loud Thailand ដែលជាសមហោស្រពតន្រ្តីខ្នាតយក្សមួយនៅលើពិភពលោកនៅខែ មេសា នេះ។
មកទល់ពេលនេះ វណ្ណដា បានឆក់យកឱកាសដណ្ដើមបានទីផ្សារសិល្បៈខ្ពស់ ព្រមទាំងបានក្លាយខ្លួនជាអ្នកតំណាងម៉ាកផលិតផលល្បីៗ (Brand Ambassador) ជាច្រើន នៅក្នុងស្រុកថែមទៀតផង។
២. កញ្ញា Sophia Kao
កញ្ញា Sophia បានធំធាត់ឡើងនៅក្នុងគ្រួសារមួយ ដែលមានសមាជិកពោរពេញទៅដោយចំណេះដឹងខាងផ្នែកសិល្បៈតន្ត្រី។ ដូច្នេះហើយ Sophia ក៏ទទួលនូវឥទ្ធិពលសិល្បៈតាមរយៈក្រុមគ្រួសាររបស់នាង។ តារាស្រីរូបនេះ បានចាប់ផ្ដើមតែងនិពន្ធចម្រៀង និង បង្ហាញសមត្ថភាពសម្ដែងតាំងពីនាងរៀននៅវិទ្យាល័យមកម្ល៉េះ។
គួរឱ្យដឹងផងដែរថា Sophia ចាប់ផ្ដើមធ្វើឱ្យមហាជនមួយចំនួនបានស្គាល់ នៅពេលដែលរូបនាងបាន cover បទចម្រៀងរបស់កំពូលតារាចម្រៀងអាមេរិក Adele និង Amy Winehouse។ ចំណែកឯ នៅក្នុងឆ្នាំ ២០២០ Sophia បានចូលប្រឡូកសិល្បៈ តាមរយៈផលិតកម្ម បារមី ដើម្បីបន្តក្ដីស្រមៃរបស់នាង។ ជាមួយគ្នានោះផងដែរ តារាស្រីវ័យក្មេងរូបនេះ ក៏បានលើកឡើងពីគោលបំណង របស់ខ្លួននាពេលអនាគតថា ក្រៅពីធ្វើឱ្យឪពុកម្តាយរបស់នាង មានមោទកភាពទៅលើខ្លួនហើយ នាងគឺចង់ធ្វើឱ្យផ្នែកតន្រ្តីនៅស្រុកខ្មែរកាន់តែរីកចម្រើន ព្រមទាំងដើម្បីបញ្ជាក់ដល់ពិភពលោកថា តន្ត្រីរបស់កម្ពុជាក៏ជាតន្រ្តីមួយដ៏មានឥទ្ធិពលមួយ។
ដោយកាលពីខែនៃក្តីស្រលាញ់កន្លងទៅ Sophia បានចេញចម្រៀងរួមគ្នាជាមួយនឹង Norith ក្នុងក្រុម Polarix ដែលមានចំណងជើងថា «Maybe» ហើយទទួលបានភាពល្បីល្បាញជាខ្លាំង ជាពិសេសវាយលុកពេញ TikTok និង YoTube។ ចំណែកឯ ថ្មីៗនេះ Sophia បានចេញ «Cover Project» នៅលើ Youtube ដោយនាងនឹង Cover បទល្បីៗជាច្រើននៅក្នុងនោះ។ ក្នុងនោះផងដែរ តារាស្រីរូបនេះក៏ធ្លាប់បង្ហើបប្រាប់អ្នកគាំទ្រថាឆ្នាំនេះ នឹងត្រៀមចេញបទចម្រៀងផ្ទាល់ខ្លួនជាច្រើនបន្ទាប់ពីស្ងប់ស្ងាត់មួយរយៈ។
៣. លោក លី វណ្ណថាន
លោក វណ្ណថាន គឺជាតារាចម្រៀង អ្នកនិពន្ធបទចម្រៀង និង ជាផលិតករមួយរូប ដែលមានសមត្ថភាពក្នុងការនិពន្ធបទភ្លេងបុរាណខ្មែរ។ អ្វីដែលធ្វើឱ្យលោក វណ្ណថាន ទទួលបានការចាប់អារម្មណ៍ពីមហាជននោះគឺ លោកមានទេពកោសល្យពិសេស និង អស្ចារ្យបំផុត ដោយអាចលេងឧបករណ៍តន្រ្តីបានជាង ២៨ ប្រភេទ រួមទាំងឧបករណ៍បុរាណរបស់កម្ពុជា សឹងតែទាំងអស់ ដែលមានដូចជា រនាត ក្រឡៅ ចាប៉ី ជាដើម។ល។
គួររំលឹកផងដែរថា នៅក្នុងឆ្នាំ ២០០៩ លោក វណ្ណថាន បានទៅប្រទេសបារាំងដើម្បីបន្តអាជីពតន្ត្រីរបស់លោក ដោយសិក្សាផ្នែកផលិតកម្ម ទ្រឹស្តីតន្ត្រី និង ផ្នែកផ្សេងៗជាច្រើនទៀត។ បន្ទាប់មក ក្នុងឆ្នាំ ២០២០ លោក វណ្ណថាន បានចាប់ផ្តើមអាជីពជាសិល្បករទោល ដោយចូលរួមជាមួយផលិតកម្ម បារមី ហើយលោកត្រូវបានបង្ហាញខ្លួនជាអ្នកលេងភ្លេងនៅក្នុងបទចម្រៀង របស់វណ្ណដា ដែលមានចំណងជើងថា «Queen Bee» និងបទ «Time To Rise»។ ជាមួយគ្នានោះ នៅចុងឆ្នាំ ២០២២ និងដើមឆ្នាំ ២០២៣ នេះលោកក៏បានឡើងសម្ដែងនៅមហោស្រពតន្រ្តីធំៗជាច្រើន ហើយត្រូវបានទស្សនិកជនទាំងជាតិ និង អន្តរជាតិស្រឡាញ់ចូលចិត្តជាច្រើន។ ដើម្បីអបអរស្វាគមន៍ឆ្នាំថ្មីនេះ លោកក៏ត្រៀមចេញបទចូលឆ្នាំខ្មែរដោយមានលាយជាមួយឧបករណ៏តន្ត្រីខ្មែរពីរោះរណ្តំជាច្រើនផងដែរ។
៤. លោក Van Norith និងលោក Juvie Lin ក្រុមចម្រៀង Polarix
ក្រុមចម្រៀង POLARIX មានសមាជិក 2 នាក់មានដូចជាលោក Van Norith និងលោក Juvie Lin។ ដោយគោលដៅរបស់ គឺលើកកំពស់វប្បធម៌រាំហ៊ីបហបនៅកម្ពុជា និងឈានទៅដល់ឆាកអន្តរជាតិ។ ដោយម្នាក់ៗមានស្ទីលរៀងៗខ្លួន ហើយពួកគេរួមគ្នាបង្កើតបទចម្រៀងដើមជាមួយក្បាច់រាំតាមស្តង់ដារអន្តរជាតិ។ ដោយឡែក កាលពីខែមីនា ឆ្នាំ ២០១៩ កន្លងទៅ Norith បានតំណាងឱ្យប្រទេសកម្ពុជាទៅចូលរួមប្រកួតរាំអន្តរជាតិនៅប្រទេសជប៉ុន។
យ៉ាងណាមិញ បើត្រលប់មកពីកាលចុងឆ្នាំ ២០២២ នេះ Polarix បានត្រឡប់មកវិញជាមួយបទ «ចាបុី» ដោយទទួលបានការគាំទ្រជាខ្លាំង។ មិនតែប៉ុណ្ណោះ ក្រុមចម្រៀងមួយនេះ ក៏បាននាំចង្វាក់ភ្លេងបែបថ្មីចូលទីផ្សារតន្ត្រី ជាមួយបទ «ដោះលែង» ព្រមទាំងបទ «Maybe» ជាមួយកញ្ញា Sophia ដែលបានវាយលុកពេញ TikTok និង YouTube ជាដើម។ល៕