ប្រឡូកសិល្បៈសាងឈ្មោះឡើងល្បីរន្ទឺ តែឥលូវតារាស្រី ៣ រូបនេះ ហាក់ស្ងប់ស្ងាត់ខ្លាំងពីសិល្បៈ
តារាក្នុងពិភពសិល្បៈជាច្រើនដួង ដែលបានសាងកេរ្តិ៍ឈ្មោះល្បីល្បាញរាប់ឆ្នាំ ប៉ុន្តែត្រូវបានឃ្លាតឆ្ងាយពីសិល្បៈទៅវិញ អ្នកខ្លះដកខ្លួនទាំងស្រុងបន្ទាប់ពីចូលរោងការសាងគ្រួសារ និង អ្នកខ្លះក៏ងាកទៅក្ដោបក្ដាប់មុខជំនួញផ្ទាល់ខ្លួន និង ចាយជីវិតឯកជនយ៉ាងមានក្ដីសុខ។
ក្រឡេកទៅចាប់អារម្មណ៍ តារាស្រីល្បីឈ្មោះ ៣ ដួង មួយរយៈចុងក្រោយនេះ ក៏ត្រូវបានគេចាប់អារម្មណ៍ថាហាក់ស្ងប់ស្ងាត់ពីវិស័យសិល្បៈ ទៅសាងជីវិតឯកជនរៀងៗខ្លួនរស់នៅយ៉ាងហាយសូរ និង មានក្ដីសុខបំផុត។
១. ឈិត សុវណ្ណបញ្ញា
និយាយពីតារាចម្រៀងស្រីល្បីឈ្មោះ ឈិត សុវណ្ណបញ្ញា គិតមកដល់ពេលនេះប្រមាណជាង ២ ឆ្នាំហើយ ចាប់តាំងពីអំឡុងឆ្នាំ ២០២០ មក គេហាក់សង្កេតឃើញថាកញ្ញាបាត់មុខឈឹងពីសិល្បៈ ដែលស្ងប់ស្ងាត់ទាំងការចេញបទចម្រៀងថ្មីៗ និង អាកខានឃើញបង្ហាញវត្តមានលើឆាកប្រគំតន្រ្តីផ្សេងៗ។ ស្របពេលឃ្លាតឆ្ងាយពីសិល្បៈ ឃើញថា តារាចម្រៀងស្រីរូបនេះកំពុងរស់នៅយ៉ាងមានក្ដីសុខលើគំនរទ្រព្យសម្បត្តិរបស់ខ្លួនដើរកម្សាន្តយ៉ាងរីករាយជាមួយជីវិតនៅលីវរបស់នាង។ លើសពីនេះ អ្វីដែលចាប់អារម្មណ៍ខ្លាំង គេកត់សម្គាល់លើបណ្ដាញសង្គមរបស់នាងតែងឃើញស្ដែងពីសកម្មភាពជាហូរហែដើរធ្វើបុណ្យសន្សំកុសល និង សម្មាធិ ទាំងក្នុងប្រទេស និង ក្រៅប្រទេស បង្ហាញចិត្តយ៉ាងជ្រះថ្លាទាំងវ័យក្មេង។
៣. សុខ ស្រីនាង
តារាចម្រៀងស្រីដ៏មានប្រជាប្រិយភាពប្រចាំផលិតកម្មរស្មីហង្សមាស សុខ ស្រីនាង មួយរយៈធំចុងក្រោយនេះ គេក៏សង្កេតឃើញនាងពុំសូវបង្ហាញមុខក្នុងវិស័យសិល្បៈឡើយ ទាំងការចេញបទចម្រៀងថ្មីៗក្នុងផលិតកម្ម និង ឡើងច្រៀងលើឆាកប្រគំតន្រ្តីតូចធំផ្សេងៗទៀត។ ដោយឡែក ស្របពេលតារាចម្រៀងស្រីរូបនេះ បាត់មុខពីវិស័យសិល្បៈដែរ ក្រឡេកទៅមើលបណ្ដាញសង្គមរបស់អ្នកនាង ឃើញថាកំពុងតែប្រើជីវិតឯកជនយ៉ាងស្ងប់ស្ងាត់មួយឆ្ងាយពីសិល្បៈ ដែលតែងបង្ហាញពីសកម្មភាពដំណើរកម្សាន្តលម្ហែអារម្មណ៍ទាំងក្នុង និង ក្រៅប្រទេស ជាមួយនឹងការចាយជីវិតបែបហាយសូរ និង ហាក់រីករាយមានក្ដីសុខនឹងភាព Single របស់អ្នកនាង។
៤. ដួង ម៉ានិច
ចំពោះ ដួង ម៉ានិច វិញ នាប៉ុន្មានឆ្នាំចុងក្រោយនេះ ស្របពេលកេរ្តិ៍ឈ្មោះកំពុងល្បីខ្លាំងក្នុងអាជីពសម្ដែង នាងក៏បានងាកទៅបង្កើតមុខជំនួញផ្ទាល់ខ្លួនវិញ គឺមុខជំនួញលក់ផលិតផលអនឡាញយ៉ាងកាក់កប។ មកដល់ពេលនេះ ខណៈកាន់តែជោគជ័យលើមុខជំនួញ គេឃើញថាតារាស្រីរូបនេះ ក៏កាន់តែឃ្លាតឆ្ងាយពីវិស័យសិល្បៈ ដែលពុំបានឃើញនាងលេចមុខសម្ដែងខ្សែភាពយន្តដូចមុនឡើយ និង ក្នុងកម្មវិធីអ្នកសិល្បៈផ្សេងៗទៀត គេក៏ពុំសូវឃើញវត្តមានរបស់នាងចូលរួមជាមួយតារាដទៃទៀតដែរ ដោយនាងហាក់កំពុងដកខ្លួនទៅប្រើជីវិតឯកជនយ៉ាងរីករាយ និង ដើរកម្សាន្តលើទឹកដីក្រៅប្រទេសយ៉ាងហាយសូរ ជាពិសេសថ្មីៗនេះ នាង និង គូស្នេហ៍ក៏កំពុងប្រកាសដំណឹងរៀបការឆាប់ៗផងដែរ៕