ភ្ញាក់ផ្អើល! យ៉ែម សំអូន បញ្ចេញយោបល់ក្រោមផុសអតីតភរិយា អ្នកនាង យ៉ាន់ លីនដា យ៉ាងកម្រ
អស់រយៈពេលប្រមាណជាជិត ១០ ឆ្នាំមកហើយ ដែលអតីតគូស្វាមីភរិយាសិល្បៈមួយគូ គឺលោក យ៉ែម សំអូន និង អ្នកនាង យ៉ាន់ លីនដា ប្រកាសផ្ដាច់និស្ស័យប្ដីប្រពន្ធ ហើយចែកផ្លូវគ្នាដើររៀងៗខ្លួន ខណៈតំណក់ឈាមកូនស្រីតែម្នាក់របស់ពួកគេ បច្ចុប្បន្នកំពុងរស់នៅលើទឹកដីប្រទេសអូស្រ្តាលីក្រោមការមើលថែយ៉ាងយកចិត្តទុកដាក់ពីម្ដាយ។
ដ្បិតតែនាំកូនទៅរស់នៅប្រទេសអូស្ត្រាលីច្រើនឆ្នាំ ប៉ុន្ដែកន្លងមកអ្នកនាង យ៉ាន់ លីនដា ក៏ឧស្សាហ៍នាំកូនស្រីមកលេងស្រុកខ្មែរញឹកញាប់ដែរ ហើយសឹងតែរាល់ពេលដែលពួកគេធ្វើដំណើរមកស្រុកខ្មែរ គេតែងឃើញលោក យ៉ែម សំអូន ឆ្លៀតពេលណាត់ជួបកូនស្រី ដើម្បីបង្ហាញពីក្ដីស្រឡាញ់ និង ការនឹករឭកក្នុងនាមជាឪពុកម្នាក់កម្រខានណាស់។
ដ្បិតថាអ្នកនាង យ៉ាន់ លីនដា អនុញ្ញាតឱ្យឪពុកកូនអ្នកទាំងពីរបានជួបមុខគ្នា សម្ដែងការនឹករឭកដល់គ្នា ដើម្បីសាងភាពស្និទ្ធស្នាលរវាងសាច់ឈាមបង្កើត ប៉ុន្ដែចាប់តាំងពីប្រកាសលះលែងគ្នាមក អ្នកនាង យ៉ាន់ លីនដា និង លោក យ៉ែម សំអូន គេពុំដែលឃើញអតីតប្ដីប្រពន្ធមួយគូនេះជួបមុខគ្នាផ្ទាល់នោះទេ សូម្បីតែនៅលើបណ្ដាញសង្គម ក៏គេកម្រឃើញអ្នកទាំងពីរបញ្ចេញយោបល់ឆ្លើយឆ្លងគ្នាដែរ។
តែរឿងដែលភ្ញាក់ផ្អើលបំផុតនោះ ថ្មីៗនេះអ្នកនាង យ៉ាន់ លីនដា បានបង្ហោះរូបថតមួយសន្លឹកជាមួយកូនស្រីបណ្ដូលចិត្តក្នុងសម្លៀកបំពាក់តុបតែងជាកូនក្រមុំយ៉ាងស្រស់សោភា ក្នុងនោះគេស្រាប់តែឃើញអតីតស្វាមីនាង គឺលោក យ៉ែម សំអូន ចូលបញ្ចេញយោបល់ក្រោមផុសដោយដាក់រូបស្ទីកគ័របេះដូងពណ៌ក្រហម ធ្វើឱ្យអ្នកលេងបណ្ដាញសង្គមភ្ញាក់មិនស្ទើរនោះទេ ព្រោះនេះជាទង្វើកម្រឃើញបំផុត៕