Victoria ទប់ទឹកភ្នែកមិនជាប់ ពេលឮអ្នកគាំទ្រលើកនិយាយពី Sulli
កាលពីពេលថ្មីៗនេះ តារាចម្រៀងស្រី Victoria សមាជិក f(x) បានចូលរួមក្នុងសន្និសីទសារព័ត៌មានដើម្បីផ្សព្វផ្សាយខ្សែភាពយន្តថ្មីរបស់នាង ហើយក្នុងព្រឹត្តិការណ៍នោះដែរ តារាស្រីវ័យ ៣៦ ឆ្នាំរូបនេះ ត្រូវបានអ្នកគាំទ្រជាច្រើនចាប់អារម្មណ៍ខ្លាំងនៅលើរូបសម្រស់ក្មេងជាងវ័យរបស់នាង។
យ៉ាងណាមិញ នៅក្នុងកម្មវិធីនោះ ស្រាប់តែមានអ្នកគាំទ្រម្នាក់បាននិយាយរំឭកដល់ឈ្មោះរបស់ Sulli ដែលអតីតសមាជិកម្នាក់របស់ f(x) ថា៖ «ខ្ញុំស្រាប់តែនឹកឃើញដល់មិត្តល្អរបស់ Victoria គឺ Sulli ហើយខ្ញុំមានអារម្មណ៍ថានាងជាមនុស្សដ៏អស្ចារ្យណាស់ ប៉ុន្តែគាត់បានសម្រេចចិត្តធ្វើអត្តឃាតខ្លួនឯង ក្រោយពីទទួលរងសម្ពាធខ្លាំង»។
ភ្លាមនោះ គ្រាន់តែបានឮសម្តីអ្នកគាំទ្រនិយាយចេញពីចិត្តបែបនេះ Victoria បានហូរទឹកភ្នែករលីងរលោង ប៉ុន្តែនាងបានងាកជូតទឹកភ្នែក មិនចង់ឱ្យអ្នកគាំទ្រឃើញហើយបារម្ភ ដោយសកម្មភាពទាំងនេះបានធ្វើឱ្យអ្នកគាំទ្រមានការសោកស្តាយចំពោះការបាត់បង់ដ៏ធំធេងនេះ។
គួររំឭកផងដែរថា កាលពីថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០១៩ តារាចម្រៀងស្រី Sulli ត្រូវបានគេប្រទះឃើញស្លាប់នៅក្នុងផ្ទះរបស់នាងក្នុងទីក្រុង Seongnam ខេត្ត Gyeonggi ដោយការស្លាប់ក្រោមមូលហេតុបាក់ទឹកចិត្តរបស់នាងបានធ្វើឱ្យមហាជនភ្ញាក់ផ្អើលជាខ្លាំង៕