រួសរាយណាស់! លោកប៉ា វណ្ណដា មិនប្រកាន់និយាយនឹងអ្នកទិញដូង រឿងទៅលេងជប៉ុនជាមួយកូន
មហាជនដែលជាអ្នកគាំទ្ររបស់កំពូលតារាចម្រៀងរ៉េបប្រចាំប្រទេសកម្ពុជា វណ្ណដា ប្រាកដជាជ្រាបច្បាស់ហើយថា លោកបានកើតក្នុងគ្រួសារមួយដែលប្រកបមុខរបរកោសដូង នៅឯក្រុងព្រះសីហនុ។ រហូតមកទល់ពេលឥឡូវនេះ បើទោះបីជាលោកក្លាយជាកំពូលតារាទៅហើយក្ដី ក៏គ្រួសាររបស់លោកនៅតែប្រកបរបរនេះជាធម្មតា ដោយហេតុលោកធ្លាប់បានលើកឡើងថា៖ «មិនមែនលោកមិនបានប្រាប់ឱ្យអ្នកមានគុណទាំង ២ ឈប់ប្រកបរបរកោសដូងនេះទៀតទេ ប៉ុន្តែវាជាចំណង់ចំណូលចិត្ត ព្រមទាំងជាក្ដីសុខរបស់ពួកគាត់ ជាមួយនឹងរបរមួយនេះ»។
យ៉ាងណាមិញ វណ្ណដា ព្រមទាំងក្រុមគ្រួសារ ទើបតែត្រឡប់មកពីដំណើរកម្សាន្តជាមួយនឹងក្រុមគ្រួសារដែលពោរពេញដោយក្ដីសុខ និង យ៉ាងកក់ក្ដៅ កាលពីប៉ុន្មានថ្ងៃមុនកន្លងទៅនេះ លើទឹកដីប្រទេសជប៉ុន។
ដោយឡែក កាលពីថ្ងៃទី ០១ ខែមីនា ឆ្នាំ២០២៣ កន្លងទៅ យោងតាមគណនី Tiktok មួយដែលមានឈ្មោះថា «Chanvathana Mao» បានបង្ហោះវីដេអូមួយដែលលោកបានទៅផ្សារលើ នៅឯក្រុងព្រះសីហនុ ព្រមទាំងបានស្វែងរកកន្លែងអាជីវកម្មរបស់ឳពុកម្ដាយ វណ្ណដា ដើម្បីទិញកំពីងដូង ព្រមទាំងសំណេះសំណាលពាក្យពេចន៍មួយចំនួនជាមួយនឹងលោកប៉ា របស់ វណ្ណដា។
ក្នុងវីដេអូមួយនោះ អ្នកទស្សនាសង្កេតឃើញពីជីវភាពរស់នៅយ៉ាងសាមញ្ញ មិនដាក់ខ្លួនរបស់លោកប៉ា វណ្ណដា ព្រមទាំងបានជជែកគ្នាលេងជាមួយនឹងម្ចាស់វីដេអូយ៉ាងស្និទ្ធស្នាលផងដែរ។ បើយោងតាមសម្ដីរបស់ម្ចាស់គណនីផ្ទាល់ លោកបានប្រាប់ថា៖ «ខ្ញុំអត់ធ្លាប់ជួបធ្លាប់ស្គាល់ដែរ តែប៉ាគាត់ (វណ្ណដា) រួសរាយ ហើយសាមញ្ញណាស់»។ ហើយលោកក៏បានបន្ថែមថា ក្រុមគ្រួសារលោកបានទៅជប៉ុនរយៈពេល ប្រមាណជា ៧ ទៅ ៨ ថ្ងៃ តែឥឡូវមកដល់ខ្មែរវិញហើយ ទើបតែថ្ងៃដែលលោកបានទៅថត គឺជាថ្ងៃដែលទើបតែបើកតូបវិញទេ៕