សាន់ឆាយ ច្រានចោលទាំងស្រុង ក្រោយផ្ទុះរឿងអាស្រូវប្តីក្រោយលួចលុយរត់ទៅកូរ៉េវិញ
តារាសម្ដែងស្រីតៃវ៉ាន់ Barbie Hsu បានបដិសេធទាំងស្រុង បន្ទាប់ពីធ្លាយពាក្យចចាមអារ៉ាមថា នាងបានចូលមន្ទីរពេទ្យ ក្រោយពី DJ Koo ប្តីក្រោយរបស់នាងលួចយកលុយរត់ត្រឡប់ទៅប្រទេសកូរ៉េវិញ ព័ត៌មានបានផ្ទុះកក្រើកយ៉ាងខ្លាំងនៅលើបណ្តាញសង្គមចិន កាលពីពេលថ្មីៗនេះ។
នេះបើយោងតាមការចុះផ្សាយ Next Apple កាលពីថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៣ មានគណនីបណ្តាញសង្គមជាច្រើនបានចែកចាយព័ត៌មានពាក្យចចាមអារ៉ាមដែលថា តារាស្រីវ័យ ៤៧ ឆ្នាំរូបនេះ បានចូលបន្ទប់សង្គ្រោះបន្ទាន់ ដោយស្លុតចិត្តនឹងទង្វើរបស់ប្តីក្រោយនាងលួចយកលុយរាប់លានដុល្លារទៅកូរ៉េវិញ។
យ៉ាងណាមិញ ក្រោយពីមានព័ត៌មានកាន់តែរីកសាយភាយកាន់តែខ្លាំង ខាងតំណាងក្រុមហ៊ុនរបស់ Barbie Hsu បានចេញមកបកស្រាយថា DJ Koo នៅតែរស់នៅតៃវ៉ាន់នៅឡើយ ហើយ Barbie ក៏មិនបានចូលមន្ទីរពេទ្យនោះដែរ។
ក្នុងនោះ អ្នកតំណាងរូបនេះបាននិយាយបន្តថា៖ «នេះគ្រាន់តែជាព័ត៌មានដែលមនុស្សបំផុសដើម្បីទាញយកទស្សនៈ និង ការបញ្ចេញមតិពីសាធារណជនប៉ុណ្ណោះ។ ចាប់ពីពេលនេះតទៅ យើងនឹងស្នើសុំឱ្យច្បាប់ចាត់វិធានការដើម្បីការពារសិទ្ធិឯកជន»។
លើសពីនេះ អ្នកតំណាងរូបនោះបានបន្ថែមទៀតថា អស់រយៈពេលជាងមួយឆ្នាំហើយ ដែលគ្រួសារថ្មីរបស់ Barbie ត្រូវទទួលរងព័ត៌មានចចាមអារ៉ាមមិនពិតរាប់មិនអស់ ហើយប៉ះពាល់យ៉ាងធ្ងន់ដល់ផ្លូវចិត្តសមាជិកគ្រួសាររបស់នាង៕