កក្រើកកម្មវិធីម៉ូដ ពេល Song Hye Kyo ថតកៀកយ៉ាងស្និទ្ធជាមួយកំលោះសង្ហា Greg Han
បច្ចុប្បន្ននេះ ព្រឹត្តិការណ៍ Milan Fashion Week កំពុងក្លាយជាភាពទាក់ទាញយ៉ាងខ្លាំងរបស់តារាម៉ូដនៅជុំវិញពិភពលោក ហើយកាលពីថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២៣ ក៏បានឃើញមានការបង្ហាញវត្តមានរបស់តារាលំដាប់ A របស់កូរ៉េ គឺតារាសម្ដែងស្រី Song Hye Kyo បានចូលរួមក្នុងនាមជាតារាបង្ហាញម៉ូដរបស់ Fendi ធ្វើឱ្យមានការភ្ញាក់ផ្អើលពេញនៅលើប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញសង្គមផ្សេងៗ។
ក្នុងព្រឹត្តិការណ៍នោះដែរ តារាស្រីរូបនេះ បានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ក្រុមអ្នកគាំទ្របរទេស ហើយនេះក៏សបញ្ជាក់ផងដែរថា កេរ្តិ៍ឈ្មោះរបស់ Song Hye Kyo គឺល្បីហួសពីក្នុងប្រទេសកូរ៉េ ជាពិសេសទូទាំងអាស៊ីផងដែរ។
លើសពីនេះ អ្វីដែលទស្សនិកជនដែលជាក្រុមអ្នកគាំទ្រចែកចាយនឹងពេញចិត្តខ្លាំងជាងនេះ គឺរូបថតកៀកយ៉ាងស្និទ្ធរបស់តារាស្រីវ័យ ៤១ ឆ្នាំរូបនេះ ជាមួយនឹងតារាសម្ដែងតៃវ៉ាន់ Greg Han ហើយពេលនេះរូបថតរបស់អ្នកទាំងពីរដែលបានឈរក្បែរគ្នានោះ មើលទៅប្រៀបដូចជាគូស្នេហ៍ កំពុងមានការស្វែងរកនៅលើអ៊ីនធឺណេតយ៉ាងក្តៅគគុកក្នុងប្រទេសចិន៕