ទើបគ្រងមកុដធីតាឯកសង្ក្រាន្ត អ៊ិន ម៉ូលីកា ឆក់បានតំណែងធំក្នុងរឿង «អប្សរាមហាអង្គរ»
កាលពីថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២៣ កន្លងទៅនេះ ខ្សែភាពយន្តបុរាណខ្នាតធំ «អប្សរាមហាអង្គរ» ដែលនិពន្ធ និង ត្រូវដឹកនាំសម្តែងដោយ ឯកឧត្តម ហ្វៃ សំអាង បានក្រុងពាលីចាប់ផ្តើមដំណើរការនៃការថតហើយ។ ក្នុងនោះ អ្នកគាំទ្រខ្សែភាពយន្តខ្មែរក៏កំពុងទន្ទឹងរង់ចាំ និង អន្ទះសាខ្លាំងចង់ឃើញផ្ទាំងទស្សនីយភាពនៃសាច់រឿងទាំងមូល ក៏ព្រោះតែរឿងបុរាណខ្នាតធំ «អប្សរាមហាអង្គរ» ត្រូវបានចូលរួមសម្តែងពីតារាប្រុសស្រីល្បីៗជាច្រើនរូប ព្រមទាំងបាននាំអារម្មណ៍របស់អ្នកទស្សនាទៅកាន់សម័យអង្គរថែមទៀតផង។
ងាកទៅកាន់ពិធីក្រុងពាលីដ៏គគ្រឹកគគ្រេងមានការចូលរួមពីសំណាក់សិល្បករ សិល្បការិនី អ្នកដឹកនាំ និង ក្រុមការងារនៃការផលិត មហាជនក៏ហាក់ចាប់អារម្មណ៍នូវតួអង្គសំខាន់ៗជាច្រើន ដែលបានបង្ហាញវត្តមានកាលពីម្សិលមិញ។
តួយ៉ាងក្រឡេកទៅមើលតួអង្គរបស់ព្រះមហេសីរបស់ព្រះបាទជ័យវរ្ម័នទី ៧ ចំនួន ២ អង្គ ដែលត្រូវសម្តែងដោយ Miss Grand Cambodia 2020 កញ្ញា លីវ ជីលី និង ធីតាឯកសង្ក្រាន្តរដូវកាលទី ៤ កញ្ញា អ៊ិន ម៉ូលីកា ក៏ត្រូវបានមហាជនកំពុងចាប់អារម្មណ៍យ៉ាងខ្លាំងណាស់ដែរ។ ក្នុងនោះ កញ្ញា លីវ ជីលី បានសម្តែងជាតួអង្គ ព្រះនាង ឥន្ទ្រទេវី រីឯ កញ្ញា អ៊ិន ម៉ូលីកា សម្តែងជា ព្រះនាង ជ័យ រាជាទេវី។
កន្លងមក ឯកឧត្តម ហ្វៃ សំអាង ធ្លាប់បានបង្ហើបឱ្យដឹងមកហើយពីវត្តមានរបស់ កញ្ញា លីវ ជីលី ក្នុងការចូលរួមសម្តែងខ្សែភាពយន្តបុរាណខ្នាតធំ «អប្សរាមហាអង្គរ» តែអ្វីដែលបានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើល គឺវត្តមានរបស់ កញ្ញា អ៊ិន ម៉ូលីកា ដែលទើបតែគ្រងតំណែងមកុដធីតាឯកសង្ក្រាន្ត កាលពីពេលថ្មីៗ ស្រាប់តែនាងមានឱកាសបានក្លាយទៅជាតួអង្គធំនៅក្នុងរឿងខាងលើនេះទៀត៕
រូបភាព៖ រស្មីហង្សមាស