(វីដេអូ) ទឹកចិត្តប្រពៃ! ឧកញ៉ា ស្រី ចាន់ថន រកឃើញប្អូនប្រុសលក់បន្លែថ្ងៃមុនហើយ និង បានជួយទំនុកបម្រុងជាច្រើន
កាលពីពេលថ្មីៗកន្លងទៅនេះ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម បាននាំគ្នាបង្ហាញនូវអារម្មណ៍រំជួលចិត្ត ក៏ដូចជាអាណិតទៅដល់ជីវិតតស៊ូរបស់ក្មេងប្រុសមួយរូប ដែលតស៊ូលក់បន្លែនៅម្ដុំស្តុបណានជីង ផ្លូវកម្ពុជាក្រោម គ្រាន់បានកម្រៃបន្តការសិក្សា គួរឱ្យស្ញើចសរសើរបំផុត។
រឿងខាងលើនេះ បានផ្ទុះការចាប់អារម្មណ៍ បន្ទាប់ពីគណនីឈ្មោះ Chhay Lyna បានបង្ហោះវីដេអូប្រមាណជិត ១ នាទី បង្ហាញពីសកម្មភាពក្មេងប្រុសរូបនេះ លក់បន្លែនៅមាត់ផ្លូវ និង ត្រៀមខ្លួនតឺនុយ ព្រមទាំងរៀបចំសៀវភៅដើម្បីរូតរះទៅសាលារៀន ដើម្បីក្រេបយកចំណេះដឹង។
ក្រោយពីឃើញវីដេអូនោះ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន ក៏បានចែករំលែក និង បញ្ចេញមតិសរសើរ ព្រមទាំងម្នាក់ៗមានចិត្តចង់ជួយដល់ក្មេងប្រុសរូបនេះទៀតផង។
យ៉ាងណាមិញ នៅថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៣ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ក៏ហាក់មានក្តីរំភើបចិត្តយ៉ាងខ្លាំង ក្រោយឃើញឧកញ៉ាចិត្តធម៌ ស្រី ចាន់ថន បានបង្ហោះសារទាំងយប់ថា ឧកញ៉ាបានស្វែងរកប្អូនប្រុសឃើញហើយ។ លើសពីនោះ ដោយការចង់រៀនសូត្រ ឧកញ៉ា ស្រី ចាន់ថន ក៏បានជួយឧបត្ថម្ភទំនុកបម្រុងការសិក្សាដល់កុមារារូបនេះ រយៈពេល ៥ ឆ្នាំ ថែមទៀតផង។
តាមសំណេរ ឧកញ៉ា ស្រី ចាន់ថន បានរៀបរាប់ថា៖ «យប់ថ្ងៃអង្គារ ទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៣ ភ្នំពេញ បានជួបប្អូនប្រុសតាមវីដេអូឆាត ដែលតស៊ូលក់បន្លែ នៅភ្លើងស្តុបណាន់ជីង រាជធានីភ្នំពេញ ដើម្បីយកលុយទៅសិក្សា ហើយនឹងចាត់ឱ្យក្រុមការងារចុះដល់ទីតាំងប្អូននៅក្រុងតាខ្មៅ ខេត្តកណ្ដាល ដើម្បីជួយឧបត្ថម្ភដល់ប្អូនប្រុស ដើម្បីជួយសម្រួលក្នុងការសិក្សា ដោយសារខ្ញុំបានសួរ តើប្អូនប្រុសចង់បានអ្វី? ប្អូនបានឆ្លើយថា ចង់បានសៀវភៅសម្ភាសិក្សា។ ដោយសារជីវភាពខ្វះខាត ឪពុកស្លាប់ចោលតាំងប្អូននៅក្នុងពោះម៉ែ មានបងប្អូន ៤ នាក់ ប្អូនពិតជាស្រលាញ់ការសិក្សាពិតមែនតស៊ូណាស់ រៀនផងដើរលក់បន្លែផង។ខ្ញុំសូមជួយប្អូនប្រុសក្នុងការសិក្សារយៈពេល ៥ ឆ្នាំ ទាំងសម្ភាសិក្សា និង ថវិកាប្រចាំខែមួយចំនួនបន្ថែមទៀត ហើយក៏សូមអរគុណពុកម៉ែបងប្អូន ដែលខំមិនប្រាប់ទីតាំងប្អូនប្រុស»៕