ជួយត្រែកអរ! ពេលនេះតារាជើងចាស់ គន្ធ តារាវណ្ណ បានទទួលការឧបត្ថម្ភពីកាកបាទក្រហមកម្ពុជា
កាលពីពេលថ្មីៗកន្លងទៅនេះ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយទទួលបានដំណឹងខ្វះខាតក្នុងការព្យាបាលជំងឺប្រចាំកាយរបស់អតីតតារាសម្តែងជើងចាស់ លោក គន្ធ តារាវណ្ណ ដែលបានធ្លាក់ខ្លួនឈឺ។ នេះបើតាមការបង្ហោះដំណឹងពីផេកសិល្បករកម្ពុជា របស់លោក អ៊ឹម ជីវ៉ា។
ផេកសិល្បៈករកម្ពុជា ក៏បានឱ្យដឹងទៀតថា កន្លងមក លោក គន្ធ តារាវណ្ណ ក៏ត្រូវបានសម្តេចតេជោ ហ៊ុន សែន និង សម្តេច ប៊ុន រ៉ានី ហ៊ុន សែន មកជួយម្តងហើយ តែដោយសារជំងឺរបស់លោកធ្ងន់ គឺទប់ទល់មិនជាប់ទេ។ ដូចនេះពេលលោកបានជួបលោកជំទាវ ហ៊ុន ស៊ីណាត ហើយក៏សុំឱ្យលោកជំទាវ ហ៊ុន ស៊ីណាត និង សប្បុរសជនជួយផង។
ដោយឡែក នៅថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៣ នេះ តាមរយៈការបង្ហោះរបស់ឧកញ៉ា ហេង ឡុង បានឱ្យដឹងថា ពេលនេះតារាសម្តែងជើងចាស់ លោក គន្ធ តារាវណ្ណ បានទទួលអំណោយពីកាកបាទក្រហមកម្ពុជាហើយ។
តាមរយៈសំណេររបស់ឧកញ៉ា ហេង ឡុង បានរៀបរាប់ថា ៖ «អតីតារាសម្តែងជើងចាស់ លោក គន្ធ តារាវណ្ណ ត្រូវបានទទួលអំណោយពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា នៅរសៀលថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២៣។ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ កាកបាទក្រហមកម្ពុជា អញ្ជើញសួរសុខទុក្ខ និង នាំយកថវិកាមួយចំនួនជូន លោក គន្ធ តារាវណ្ណ អាយុ ៧១ ឆ្នាំ ជាតារាសម្តែងជើងចាស់ តាំងពីឆ្នាំ ១៩៨៦ ដែលមានជំងឺប្រចាំកាយ (ជំងឺប្រមាត់ ជំងឺសម្ពាធឈាម និង ជំងឺលើសជាតិស្ករ) និង សូមថែរក្សាសុខភាព និង អនុវត្តតាមការណែនាំវេជ្ជបញ្ជារបស់ពេទ្យ ដើម្បីឲ្យឆាប់ជាសះស្បើយ។ បញ្ជាក់ កាលពីថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២២ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន បានចាត់ក្រុមការងារចុះសួរសុខទុក្ខ លោក គន្ធ តារាវណ្ណ ដល់គេហដ្ឋាន»៕
រូបភាព៖ ឧកញ៉ា ហេង ឡុង & សិល្បករកម្ពុជា